សម្តេចតេជោ ហ៊ុន សែន ព្រមានដកផ្កាយ នគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារ ដោយអយុត្តិធម៌

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានដកស័ក្តិ ឬដកផ្កាយ ចំពោះនគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លី ដាក់ពន្ធនាគារដោយអយុត្តិធម៌ ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចដល់អាជ្ញាធរ និង នគរបាលយុត្តិធម៌ទាំងអស់ កុំចេះតែចាប់ដាក់ពន្ធនាគារ នូវអ្នកដែលមានជម្លោះដីធ្លីលឿនពេក តែត្រូវពិនិត្យលើបញ្ហា ឲ្យបានច្បាស់លាស់ជាមុនសិន ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ ចង់ដឹងថា អាហ្នឹងរឿងពិត ឬមិនពិត យើងមិនខ្លាចឱ្យមនុស្សហ្នឹងអនុវត្តតាមច្បាប់។ អស់លោក កុំអាងមានស័ក្តិ ខ្ញុំ សូមព្រមាន ប្រាប់អស់លោកឱ្យហើយ កុំថាអស់លោកពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏ខ្ញុំ ដកចេញបានដែរ ផ្នែកនគរបាលយុត្តិធម៌»។សម្ដេច បន្ដថា អ្នកទទួលបន្ទុកជានគរបាលយុត្តិធម៌ កុំងងឹតងងុល។

លើសពីនេះ សម្តេច នាយករដ្ឋមន្ដ្រី ក៏កំពុងតាមដានរឿងក្តៅគគុកថ្មីមួយរឿង បោកលុយជាង ៣៦លានដុល្លារ ករណី​លក់ដីខ្យល់ ដោយក្នុងនោះមាន ទាំងការចាប់បុគ្គលិកទូរទស្សន៍បាយ័នមួយរូបថា ពាក់ព័ន្ធ ខណៈបុគ្គលិកនោះ ជាមនុស្សក្រីក្រ ទើបសម្តេចប្រតិកម្ម ឱ្យតាមដានរឿងនេះឱ្យដិតដល់ និងបញ្ជាឱ្យកម្លាំងគ្រប់ប្រភេទ កុំអី អាងចាប់ចង មនុស្សពាក់ព័ន្ធបញ្ហាដីធ្លី ព្រោះជារឿងរដ្ឋប្បវេណី៕