ឯកឧត្តម ម៉ែន វិបុល បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ដូសទី៣ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលអាយុ១៨ ឆ្នាំឡើង

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទ៣រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ដូសទី៣ ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅមណ្ឌលសុខភាពថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្ដមអភិបាលរងខេត្ត  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពពាក់ពន្ធនានាក្នុងខេត្ត លោកអភិបាល អភិបាលរងស្រុក លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំងជាច្រើនរូបទៀត។

មានប្រសាសន៍នូវក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធិភាពខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវប្រជាពលរដ្ឋសូមមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩ដែលជាដូសជំរុញឱ្យបានគ្រប់ៗគ្នា ហើយត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ហើយក្រោយទទួលបានវ៉ាក់សាំងរួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។

សូមបញ្ជាក់ជូនថា រដ្ឋបាលខេត្តស្វាយរៀងបានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ(ដូសទី៣)ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ មានចំនួន២ស្រុកគឺ ស្រុករំដួល និងស្រុកកំពង់រោទិ៍ ទៅតាមពេលវេលានិងទីតាំងដូចខាងក្រោម៖

ពេលព្រឹកពីម៉ោង  ៧:៣០  ដល់ម៉ោង១១:៣០ នាទី  ពេលរសៀលពីម៉ោង  ១រសៀល  ដល់ម៉ោង៤រសៀល រួមមាន៖

+ ស្រុករំដួលៈ មណ្ឌលសុខភាពថ្នាធ្នង់ – មណ្ឌលសុខភាពបុសមន -វត្តជ័យមុន្នី(ឃុំម៉ឺនជ័យ) និងវត្តបន្ទាយ (ឃុំកំពង់ចក)។

+ ស្រុកកំពង់រោទៈ មណ្ឌលសុខភាពញរ -មណ្ឌលសុខភាពខ្សែត – មណ្ឌលសុខភាពត្នោត – មណ្ឌលសុខភាពស្វាយតាយាន និងមណ្ឌលសុខភាពសំយោង៕ ដោយ ៖ ភក្តី