ជប៉ុន ពិចារណា​ដាក់ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នៅលើ​កោះដាច់​ស្រយាល​ក្បែរ​តៃវ៉ាន់​

តូ​ក្យូ​៖ ទូរទស្សន៍​ក្នុងស្រុក Asahi បាន​រាយការណ៍​ថា ប្រទេស​ជប៉ុន កំពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ស្វ័យ​ការពារជាតិ និង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ នៅលើ​កោះដាច់​ស្រយាល Yonaguni ក្នុង​ខេត្ត​អូ​គី​ណា​វ៉ា​ភាគខាងត្បូង ដែលមាន​ទីតាំងនៅ​ជិត​កោះ​តៃវ៉ាន់​។​

ក្រសួងការពារជាតិ​ជប៉ុន ក៏បាន​បង្ហាញ​ពី​ការដាក់បញ្ចូល សម្រាប់​ផែនការ​នៃ​ការទិញ​ដី​នៅលើ​កោះ​នេះ ទៅក្នុង​សំណើ​ថវិកាជាតិ នៅ​ឆ្នាំក្រោយ​ផងដែរ​។​ ក្រសួង​ដដែល បាន​លើកឡើងថា ការដាក់​ពង្រាយ​នេះ នឹង​រួមមាន​ប្រព័ន្ធ​ការពារ​ដែនអាកាស ដែលជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រឹង​ព្រំដែន​ភាគខាងត្បូង​ដាច់ស្រយាល​របស់​ប្រទេស​ជប៉ុន ក្នុងករណី​មានការ​កើនឡើង​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

គួរ​បញ្ជាក់ថា Yonaguni គឺជា​កោះដាច់​ស្រយាល នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន ដែល​ស្ថិតនៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់​ផងដែរ​៕