រដ្ឋមន្រ្តីព័ត៌មាន អញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា»

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» ដែលរៀបចំឡើងដោយវិទ្យាទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា។

សិក្ខាសាលានេះនឹងធ្វើឡើងរយៈពេល២ថ្ងៃ ​ដោយមានសិក្ខាកាមចូលរួម៥៤នាក់ ក្នុង នារី ១៦នាក់ និងមកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ព និងអនឡាញ ១៥ អង្គភាព, វិទ្យុ៣អង្គភាព ទូរទស្សន៍ ៣ អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកល វិទ្យាល័យ ១អង្គភាព។

ក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា» មានវាគ្មិនដែលជាគ្រូបង្គោល០៩រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពីប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី។

សិក្ខាសាលានេះធ្វើឡើងនៅក្នុងគោលបំណង៖ លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅកម្ពុជា និងតួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។ លើកកម្ពស់សមត្ថភាពវិភាគបរិបទ និងដំណើរការបោះឆ្នោតនៅកម្ពុជា។ លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។ ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។ លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគ និងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។ រួមចំណែកលើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ននៅកម្ពុជា។ រួមចំណែកប្រឆាំងនឹងព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយលាក់កំបាំង និងបើកចំហណាមួយពីមហាអំណាចខាងក្រៅ៕