បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ៖ រយៈពេល​១០​ឆ្នាំ សមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ​កើន​ពី​សមាជិក​៨​នាក់​ដល់​៨០០០​នាក់​

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​ថ្លែង​ឲ្យ​ដឹងថា នៅក្នុង​រយពេល​១០​ឆ្នាំ​កន្លងមកនេះ សមាគម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត​យុវជន​សម្តេច​តេ​ជោ​បាន​កើន​ពី​សមាជិក​ដែលមាន​តែ​១០​នាក់​ដល់​៨០០០​នាក់ ដែល​បង្ហាញ​ឲ្យ​ឃើញ​ការរីកលូតលាស់​យ៉ាង​ឆាប់​រហ​ស័​គួរ​ជាទី​មោ​ទក​បំផុត​។​

ឯកឧត្តម​បណ្ឌិត​បាន​ថ្លែង​ឲ្យ​ដឹង​បែប​នោះ នៅ ក្នុង​ពិធី​អបអរសាទរ និង​ពិសារ​អាហា​សាមគ្គី​គម្រប់​ខួប ១០​ឆ្នាំ របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។​

នាឱកាស​នោះដែរ ឯកឧត្តមបណ្ឌិត​ហ៊ុន ម៉ា​ណែ​ត​ក៏បាន​សម្តែង​នូវ​ការអបអរសាទរ ចំពោះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដែល​បានធ្វើ​ដំណើរ​អស់​រយៈកាល ១០​ឆ្នាំកន្លងមក ដោយ​ចាប់ផ្តើម​ពី​សមាគម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ខេត្តកំពង់ចាម ជាមួយ​សមាជិក​តែ ៨ នាក់ កាលពី​ឆ្នាំ​២០១១ រហូតមកដល់​ពេលបច្ចុប្បន្ន មាន​សមាជិក​កើន​ទ្បើង​ដល់​ជាង ៨.០០០ នាក់ និង​មានការ​រីកលូតលាស់​នៅតាម​គ្រប់​បណ្តា​ខេត្ត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយនឹង​កំពុង​បន្ត​រីកចម្រើន​តទៅទៀត ។

ឯកឧត្តម​បន្តថា TYDA បាន​វិ​វត្ត​ពី​ការព្យាបាល​ជម្ងឺ​ទូទៅ និង តូចតាច នៅតាម​មូលដ្ឋាន​ឈានទៅ​ព្យាបាល​ប្រភេទ​ជម្ងឺ​ធ្ងន់​ជាអាទិ៍​៖ ជំងឺមហារីក ជំងឺ​បេះដូង និង​ជាពិសេស​បាន​ពុះពារ​ក្នុងដំណាក់កាល​ដ៏​ស្មុ​គ្រ​ស្មាញ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ ​ជាក់ស្តែង ក្នុង​រយៈកាល ១០​ឆ្នាំ មកនេះ TYDA បាន​ព្យាបាល​ជូន​ប្រជាជន​សរុប​ចំនួន​ជាង ៣៦​ម៉ឺន​នាក់ ដែល​ក្នុងនោះ​ចំនួន​ជាង ៦.០០០ នាក់ ជា​ប្រភេទ​ជម្ងឺ​ធ្ងន់ ។

ឯកឧត្តម​បណ្ឌិត ក៏បាន​លើកទ្បើង​ផងដែរ​ថា ដោយសារ​សមិទ្ធផល​ទាំងអស់​នេះហើយ ទើប TYDA ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​ប្រជាជន​គ្រប់​ស្រទាប់ ព្រមទាំង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​ទាំងអស់​ក្នុងការ​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាជន​គ្រប់រូប ដើម្បី​ជួយ​ផ្តល់នូវ​ស្នាមញញឹម និង​ភាពសប្បាយ​រីករាយ​ដល់​សង្គម​គ្រួសារ​កម្ពុជា​។​

ឯកឧត្តមបណ្ឌិត ​ហ៊ុន ម៉ា​ណែ​ត ក៏​សូម​គោរព​ថ្លែងអំណរគុណ និង​កតញ្ញូតាធម៌ ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​តែង​បានផ្តល់​នូវ​ការគាំទ្រ ទាំង​ការ​ផ្តល់នូវ​គោល​គំនិត ការតម្រង់ទិស និង​ការលើកទឹកចិត្ត​ក្នុងការ​ចូលរួម​ជួយសង្គ្រោះ​ដល់​ប្រជាជន​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ប្រកបដោយ​ទឹកចិត្ត​សប្បុរស ព្រមទាំង​បាន​ឆ្លៀតពេល​វេលា​ពី​ភាព​មមាញឹក មកជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​របស់ TYDA នាពេល​កន្លងមក​ថែម​ទៀតផង​។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏​សូម​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​អាជ្ញាធរ​រាជធានី​-​ខេត្ត និង​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ល្អ​កន្លងមក ដែល​បាន​បង្ក​ភាពងាយស្រួល​ដល់​សមាគម ក្នុង​បម្រើប្រជាជន ជាពិសេស​ចំពោះ​ក្រសួងសុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត ដែល​បានផ្តល់​ការទុកចិត្ត​ដល់ TYDA ក្នុងការ​ចូលរួម​ជាមួយ​កម្លាំង​សាមគ្គី​ទូទាំងប្រទេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដ៏​កាច​សាហាវ កន្លងមក​។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​, កម្លាំង​យុវជន​ស្ម័គ្រចិត្ត​, សិល្បករ​, សិល្បការិនី​, ដៃគូ​ជាតិ និង​អន្តរជាតិ​នានា ដែល​បាន​យកចិត្តទុកដាក់ និង ជួយឧបត្ថម្ភ​គាំទ្រ​ដល់ TYDA នៅក្នុង​បុព្វហេតុ​ដ៏​ថ្លៃថ្លា នៃ​ការចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ថែរក្សា​សុខុមាលភាព​ប្រជាជន​នៅតាម​មូលដ្ឋាន ព្រោះថា​សុខភាព​ល្អ​បរិបូណ៌ គឺជា​ទ្រព្យធន​ដ៏​មានតម្លៃ​មហាសាល​, និង ជា​កត្តាចាំបាច់ និង មិនអាច​ខ្វះ​បាន នៅក្នុង​កិច្ចដំណើរការ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ​។ លើសពីនេះ សូម​អរគុណ​ដល់​ថា្នក់​ដឹកនាំ សមាជិក សមាជិកា​របស់ TYDA ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង ប្រាជ្ញា​ស្មារតី ដែល​បាន​ចូលរួម​ជំរុញ​ឱ្យ​សមាគម​រីកលូតលាស់ និង មាន​សមិទ្ធផល​ជា​ផ្លែផ្កា ដើម្បី​បំពេញ​បេសកម្ម​ជូន​ប្រជាជន​ឱ្យ​កាន់តែ​ល្អប្រសើរ ។​

ឯកឧត្តម​ក៏​សូម​អរគុណ​ផងដែរ​ចំពោះ​លោកជំទាវ ពេ​ជ ចន្ទ​មុ​នី្ន អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ក្រុមគ្រូពេទ្យ TYDA ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​សា្មរ​តី និង​ធនធាន​នានា ក្នុងការ​ដឹកនាំ TYDA ប្រកបដោយ​ជោគជ័យ​, ជាមួយ​ការចាត់ទុក​ទាំង​អ្នកជំងឺ និង​ក្រុមការងារ​ជា​ក្រុមគ្រួសារ​របស់ខ្លួន​ផ្ទាល់ នាំឱ្យ TYDA ទទួលបាន​នូវ​ភាពកក់ក្តៅ និង​ការរីកលូតលាស់​គួរ​ជាទី​មោទកៈ​។ កាយវិការ​ដ៏​ប្រពៃ​របស់លោក​ជំទាវ សបញ្ជាក់​ច្បាស់​អំពី​ភាពខ្លាំង​ក្លា​នៃ​ស្ត្រី​ខ្មែរ ក៏ដូចជា​ស្ត្រី​ទូទាំង​សកលលោក ដែល​ដៃ​ម្ខាង​បំពេញ​តួនាទី​ក្នុង​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន និង​ដៃ​ម្ខាង​ទៀត​ថែរក្សា​ក្រុមគ្រួសារ​ដ៏​ជាទី​ស្រលាញ់ ដែល​នេះហើយ​ជា​មូលដ្ឋានគ្រឹះ​នៃ​ភាព​រីកចម្រើន និង​ភាពសុខដុមរមនា នៅក្នុង​គ្រួសារ ក៏ដូចជា​នៅក្នុង​សង្គមជាតិ​៕