ក្រសួងកសិកម្មជូនដំណឹងដល់ប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ប្រញាប់មកទិញត្រី ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី សូមអញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង៕