AFF​ Cup៖ ល្ងាច​នេះ កម្ពុជា ប៉ះ​ប្រ៊ុយណេ នៅពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​តតាំង​ជាមួយ​ប្រ៊ុយណេ សម្រាប់​ជំនួប​ទី​៣​របស់ខ្លួន​ពូ​ល A នៃ​ការប្រកួត​ពានរង្វាន់ AFF Mitsubishi Electric Cup 2022 វេលា​ម៉ោង​៥៖០០​នាទី​ល្ងាច​នេះ​នា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​ជំនួប​នេះ​គឺ​ក្រុម​គោព្រៃ​កម្ពុជា ត្រូវការ​ឈ្នះ​ប្រ៊ុយណេ ដើម្បី​រក្សា​ក្តីសង្ឃឹម​ឡើងទៅ​វគ្គ​បន្ត ដោយ​គោព្រៃ​កម្ពុជា ត្រូវការ​ឈ្នះ​ប្រ៊ុយណេ ក្នុង​បរិមាណ​គ្រាប់​បាល់​ច្រើន​មិនតិចជាង ១០​គ្រាប់​។ ជំនួប​រវាង​កម្ពុជា និង​ប្រ៊ុយណេ ៦​លើក កម្ពុជា​ឈ្នះ ៤​ដង ចាញ់​មួយដង និង​ស្មើ​ម្តង ហើយ​កម្ពុជា​ឈ្នះ​ប្រ៊ុយណេ​ច្រើន​គ្រាប់​បំផុត​ត្រឹមតែ ៦​ទល់នឹង​១ ការប្រកួត​មិត្តភាព​អន្តរជាតិ​ឆ្នាំ​២០១៥​។​

​ម្ស៉ា​ង​វិញទៀត​ក្តីសង្ឃឹម​កៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​កម្ពុជា ក៏ត្រូវ​ស្ថិតនៅលើ​លទ្ធផល​រវាង​ឥណ្ឌូនេស៊ី និង​ថៃ នៅ​ថ្ងៃទី​២៩ ខែធ្នូ នេះដែរ​។ ក្រុម​ទាំងពីរ​នេះ​បើ​ស្មើ​ក៏​នៅតែមាន​សង្ឃឹម​ដដែល ខណៈ​កម្ពុជា​ត្រូវ​ឈ្នះ​ការប្រកួត​នៅសល់​ទាំងអស់​។​

​សូមជម្រាបថា ការប្រកួត​បន្ទាប់​រប​ស់​ក្រុម​គោព្រៃ​កម្ពុជា គឺ​ត្រូវ​ប៉ះ​ក្រុម​ដំរី​សឹក​ថៃ នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២៣ ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​៕