សម្ដេចក្រឡាហោម ស ខេង អំពាវនាវឲ្យគ្រិស្តសាសនិកទាំងអស់នៅកម្ពុជាបន្តគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា

ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតនាឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ទៀត។

ក្នុងពិធីអបអរសាទរបុណ្យណូអែល និងឆ្លងឆ្នាំសកល ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រៀបចំដោយអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង សូមអំពាវនាវគ្រិស្តសាសនិកទាំងអស់នៅកម្ពុជា បន្តប្រកាន់ខ្ជាប់ការចូលរួមគោរពច្បាប់ ពង្រឹងវប្បធម៌សាមគ្គីភាព ចូលរួមបង្ការទប់ស្កាត់គ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ពិសេសគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០២៣ និងបន្តបន្ទាប់ទៀត»។

នាឱកាសនោះ​ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្ដែងការកោតសរសើរដល់ថ្នាក់ដឹកនាំអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដែលបានកៀរគរធនធានទាំងក្នុង និងក្រៅប្រទេសមកជួយគាំទ្រមជ្ឈមណ្ឌលក្ដីសង្ឃឹមអាស៊ីអន្តរជាតិ ដើម្បីជួយគាំពារ និងទំនុកបម្រុងកុមារកំព្រា កុមារក្រីក្រ ឱ្យបានមកសិក្សារៀនសូត្រជំនាញវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពរញ និងខេត្តបាត់ដំបង។

សម្ដេចក្រឡាហោម​ បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យអង្គការ ក្ដីសង្ឃឹមអាស៊ីអន្តរជាតិ បន្តការងារមនុស្សធម៌ និងសប្បុរសធម៌នេះជាបន្តទៀត។ ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ក៏បានចូលរួមអបអរសាទរជាមួយពលរដ្ឋគ្រិស្តសាសនិកទាំងជាង ៤ម៉ឺននាក់ ក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេស នាឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសាកល និងបានបួងសួងសូមព្រះប្រទានពរដល់បងប្អូនគ្រប់ៗគ្នា។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស​ ខេង​ បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពនៃការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ ដែលបានគ្រប់គ្រង់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងឆ្លើយតបបានយ៉ាងល្អទៅនឹងវិបត្តិសាកលបង្កឡើងដោយជំងឺឆ្លងនេះ និងឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

សម្ដេចក្រឡាហោម​ ក៏បានលើកឡើងអំពីស្នាដៃជាប្រវត្តិសាស្ត្រ នៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ ជាមួយនឹងការបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ ពិសេសការអនុវត្តបានយ៉ាងល្អនូវការមិនប្រកាន់ពូជសាសន៍ និងសាសនា ដែលជាមូលដ្ឋានដ៏សំខាន់នៃការរក្សាបានសុខសន្តិភាព សាមគ្គីភាព និងសុខដុមនីយកម្មក្នុងសង្គម៕