៩ខែ ឆ្នាំនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានប្រមាណ៦៥លានដុល្លារ

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែកញ្ញា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមូលចំណូលបានសរុបចំនួនប្រមាណ ២៦៦,៧៣០លានរៀល ស្មើនឹងប្រមាណ៦៥លានដុល្លារ និងចំណេញបានចំនួនប្រមាណ ៩៨,១៥៩លានរៀល ស្មើនឹងប្រមាណ២៣លានដុល្លារ។

របាយការណ៍ដែលបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុប ចំនួន ៩០,៣៨៣,០៥៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៣៣,០៤១,៨៥៤,០០០ រៀល។ នៅត្រីមាសទី២ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៩១,២៣០,២៨៩,០០០ រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធក្នុងការិយ បរិច្ឆេទចំនួន ៤៤,៨៨៣,០៥៥,០០០រៀល និងនៅត្រីមាសទី៣ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណូលសរុបចំនួន ៨៥,១១៧,៣៦៤,០០០រៀល និងទទួលបានប្រាក់ចំណេញសុទ្ធ ក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ២០,២៣៥,៣៨៧,០០០រៀល។

របាយការណ៍បន្តថា នៅឆ្នាំ២០២១ ការងារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ៦.៩លានតោន កើនឡើង៥.៩៩% និងចំណូលសរុបមានចំនួន ប្រមាណ៣៧៣ប៊ីលានរៀល (ប្រមាណ៩០លានដុល្លារ) កើនឡើង១៧.៦៤% ធៀបនឹងការអនុវត្តឆ្នាំ២០២០៕ ដោយ ៖ ទឹង សុភាព