តើលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធ ដេកលក់មិនដឹង ឬមិនហ៊ានបង្ក្រាប ទើបឈ្មួញជើងខ្លាំងឈ្មោះ តោ ធ្វើការដឹកជញ្ជូនឈើយ៉ាងរលូនរៀងរាល់យប់បែបនេះ?

ខេត្តក្រចេះ៖ ឈ្មោះ តោ ត្រូវបានមហាជនជាច្រើននៅខេត្តក្រចេះស្គាល់យ៉ាងច្បាស់ថា គឺជាឈ្មួញរកស៊ីឈើដុះស្លែដ៏ល្បីល្បាញជាច្រើនឆ្នាំមកហើយ និងមានការកាក់កបជាខ្លាំង ហើយគ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបជំនួញរកស៊ីឈើរបស់គាត់ឡើយមិនដឹងថា តើមន្ត្រីជំនាញ និងសមត្ថកិច្ទទាំងនោះទទួលបានលាភសក្ការៈ ឬមកពីឈ្មួញរកស៊ីឈើដុះស្លែឈ្មោះ តោ មានខ្សែធំជាខ្នងបង្អែក ទើបបណ្តោយឲ្យឈ្មួញរូបនេះធើ្វការដឹកជញ្ជូនតាមអំពើចិត្តដូច្នះ?

ជាក់ស្តែងនៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង៣៖៤១នាទី រំលងអធ្រាត្រគេបានប្រទះឃើញរថយន្តសាំយ៉ុង ពណ៌ខៀវ ០១គ្រឿងបានធ្វើសកម្មភាពដឹកឈើ និងមានការឃ្លុំបេជិត សុទ្ធសឹងជាប្រភេទឈើសុក្រម ឈើលេខ១ ដែលតាមប្រភពអះអាងថា ឈើទាំងនោះបានដឹកចេញពីចំណុចព្រៃឡង់ ដោយឆ្លងកាត់ស្នាក់ការបរិស្ថាន និងស្នាក់ការជាច្រើនកន្លែងទៀត និងបានដឹកឆ្លងកាត់ត្រាំដុំយកមកស្តុកទុកផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្ទាប់មកទើបដឹកយកទៅលក់ឲ្យឈ្មួញបន្ត។

បើតាមប្រភពនិយាយថា ឈ្មួញឈើឈ្មោះ តោ រូបនេះ តែងតែដើរអួតប្រាប់គេឯងថា នៅទឹកដីខេត្តក្រចេះ គ្មានសមត្ថកិច្ចណា ឬមន្ត្រីជំនាញណាហ៊ានបង្ក្រាបឈើរបស់គាត់ឡើយ ព្រោះគាត់ចេះចែករំលែកលាភសក្ការៈ តើប្រភពខាងលើនេះជាការពិតដែរទេ?

មានការលើកឡើងថា តើលោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ដាក់ពង្រាយកូនចៅដើម្បីអ្វីបើមិនព្រមបង្រ្កាបផងនោះ ?  ចំណែកលោក ភារម្យ មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសដែលជាកម្លាំងថ្នាក់ជាតិចុះមកបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចខាងលិចទន្លេ ស្រុកព្រែកប្រសព្វ និងស្រុកសំបូរ ក៏មិនដែលឃើញធ្វើការបង្ក្រាបដែរ នាំឲ្យមហាជនមានរិះគន់ជាខ្លាំង។

ទោះយ៉ាងណា ពាក់ព័ន្ធជំនួញរកស៊ីឈើរបស់ឈ្មួញឈើដុះស្លែប្រចាំខេត្តក្រចេះឈ្មោះ តោ នេះដែរ លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ អង្គភាព “ភ្នំពេញដេលី” Phnom Penh Daily Media ,  ppd-news.net មិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺបានទេគិតត្រឹមម៉ោងផ្សាយនេះ។

ចំពោះព័ត៌មាននេះដែរ គ្រាន់តែជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនជ្រាប និងជួយមានវិធានការបង្ក្រាបទប់ស្កាត់ ខណៈជំនួយរកស៊ីឈើរបស់ឈ្មួញឈ្មោះ តោ បានធ្វើការដឹកជញ្ជូនយ៉ាងរលូនជារៀងរាល់យប់ ប៉ុន្តែមិនមានការរំខានទៅដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធតាមដងផ្លូវឡើយ៕ ដោយ ៖ ផល្លិត (ហៅរ៉ា)