សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ដូសជំរុញជូនពលរដ្ឋ

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅរាត្រីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឱ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនប្រជាពលរដ្ឋ និងកុមារ ខណៈជំងឺកូវីដ១៩ ហាក់មានស្ថានភាពឆ្លងរីករាលដាល ឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសចេញវិធានការជាក់លាក់លើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើរយៈពេល រៀងរាល់​៦ខែម្ដង ព្រោះវ៉ាក់សាំងជាជម្រើសតែមួយគត់ ដើម្បីកាត់បន្ថយការឆ្លង ឬរឆ្លងហើយមិននាំទៅដល់សភាពធ្ងន់ធ្ងរ។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា ការចាក់វ៉ាក់សាំង គឺជាវិធានការដ៏ចាំបាច់ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។ សម្តេចតេជោ បានបញ្ជាក់ថា «វ៉ាក់សាំងជាជម្រើសតែមួយគត់ ដែលនឹងជួយយើងកាត់បន្ថយការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់សភាពធ្ងន់ធ្ងរ»។

ឈរលើស្មារតីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញ ដូចជា ៖ ចាក់ដូសជំរុញទី៤ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ, ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ, ចាក់ដូសជំរុញទី៦ ជូនដល់មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។ សម្ដេច ចាត់ទុកថា នេះគឺជារៀបចំ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ខ្ញុំ ក៏បានឯកភាពជាមួយគោលការណ៍ ការស្នើឡើងអំពីរបៀបបន្ដសម្រាប់ដំណើរការចាក់វ៉ាក់សាំង គឺត្រូវរយៈពេល ៦ខែម្តង បន្ទាប់ពីដូសចុងក្រោយដែលត្រូវបានទទួល។ ការធ្វើបែបនេះ ទើបធានាថា ប្រជាពលរដ្ឋកម្ពុជា មាន ភាពស៊ាំក្នុងសហគមន៍រឹងមាំ បើមិនដូច្នោះ វ៉ាក់សាំងចុះខ្សោយ ងាយស្រួលក្នុងការវាយលុកពីជំងឺ ពិសេសជំងឺកូវីដ-១៩»។

លើសពីនេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់បានទទួលដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យនាំគ្នាទៅទទួលយកដូសជំរុញតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេច បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចរៀបចំផែនការផ្តល់វ៉ាក់សាំងដូសជំរុញ តាមការណែនាំខាងលើនេះ ដើម្បីធានាដល់ក្រវាត់ការពារសុខភាពពលរដ្ឋពីជំងឺកូវីដ១៩។

សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា «កង្វល់ធំរបស់យើងនាពេលនេះ មិនមែនយើងខ្វះវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនោះទេ បញ្ហាស្ថិតនៅត្រង់ថា ប្រជាពលរដ្ឋមួយចំនួន មិនមកទទួលវ៉ាក់សាំងទៅវិញទេ។ យ៉ាងណា សម្តេចមានការជឿជាក់ថា កុមារនឹងនាំគ្នាមកទទួលវ៉ាក់សាំងដូសជំរុញ តាមផែនការដូចបានបញ្ជាក់ខាងលើ»។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា ពេលនេះវ៉ាក់សាំងកូវីដ-១៩ ប្រមាណ៧លានដូស កំពុងស្តុកទុកក្នុងឃ្លាំងដែលនេះមិនរាប់បញ្ចូលវ៉ាក់សាំងជាង ២០លានដូសដែលកម្ពុជាបញ្ជាទិញ នឹងដឹកជាបន្តបន្ទាប់មកកម្ពុជានោះឡើយដូច្នេះយើងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋ៕