ប្រជាពលរដ្ឋ៣៤គ្រួសារនៅសង្កាត់ព្រែកត្នោតសំណូមពរអាជ្ញាធរជួយអន្តរាគមន៍ទប់ស្កាត់សកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុន ហេង ហាក់ម៉ុង ឈូសឆាយលើដីពួកគាត់ដែលកំពុងអាស្រ័យផល

ខេត្តកំពត៖ ប្រជាពលរដ្ឋ ៣៤ គ្រួសារដែលរស់នៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ស្នើសុំអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់គ្រឿងចក្រក្រុមហ៊ុន ហេង ហាក់ម៉ុង កំពុងធ្វើការឈូសឆាយលើដីរបស់ពួកគាត់ដែលបានអាស្រ័យផល។

យោងតាមរបាយការណ៍លេខ ០០៥/២២ រ.បា សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត របាយការណ៍ស្ដីពីសកម្មភាពឈូសឆាយដីរបស់ក្រុមហ៊ុន ហេង ហាក់ម៉ុង គោរពជូនលោកស្រីអភិបាលនៃគណៈអភិបាលក្រុងបូកគោ នៅសង្កាត់ព្រែកត្នោត ភូមិព្រែកត្នោត ថ្ងៃទី ៣០ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១៖១៥ នាទីរសៀលក្រុមហ៊ុន ហេង ហាក់ម៉ុង បានធ្វើសកម្មភាពឆាយដីនៅចំណុចតំបន់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ស្ថិតនៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចំណុចខាងលើអន្លង់ធំ ប្រមាណទទឹង១២ម៉ែត្រ និងបណ្ដោយ ៣០០ម៉ែត្រ សកម្មភាពនៃការឈូសឆាយនោះ មានប្រជាពលរដ្ឋចំនួន៣៤គ្រួសារបានមកកាន់សាលាសង្កាត់ព្រែកត្នោត ស្នើសុំសង្កាត់មានវិធានការជួយទប់ស្កាត់ការឈូសឆាយដីខាងលើនោះជាបន្ទាន់ ព្រោះពួកគាត់អះអាងថា ក្រុមហ៊ុន ហេង ហាក់ម៉ុង នេះបានឈូសឆាយនៅលើទីតាំងដីរបស់ពួកគាត់កំពុងអាស្រ័យផល ហើយក្រុមការងាររបស់ខេត្តបានធ្វើការវាស់វែងនៅក្នុងអំឡុងឆ្នាំ ២០១៩  ជូនពួកគាត់រួចរាល់ហើយ តែពុំទាន់ចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់នៅឡើយ ។

ក្រោយមកប្រជាពលរដ្ឋចំនួន ៣៤ គ្រួសារបានឡើងទៅដល់ទីតាំងដែលក្រុមហ៊ុន ហេង ហាក់ម៉ុង កំពុងធ្វើសកម្មភាពឈូសឆាយ ហើយប្រជាពលរដ្ឋបានសំណូមពរដល់ក្រុមហ៊ុនឲ្យផ្អាកសកម្មភាពក្នុងការឈូសឆាយសិន រង់ចាំការសម្របសម្រួលពីសំណាក់អាជ្ញាធរ ដែលមានការចូលរួមពី មន្ត្រីបរិស្ថាន ប៉ូលិសរដ្ឋបាល និងកងកម្លាំងរាជអាវុធហត្ថបី៣០៣ ក្នុងនោះតំណាងក្រុមហ៊ុនក៏បានសន្យាថា  និងផ្អាកសកម្មភាពក្នុងការឈូសឆាយ។

យោងតាមសកម្មភាពខាងលើប្រជាពលរដ្ឋជាច្រើនគ្រួសារសំណូមពរ លោកស្រីអភិបាលក្រុង និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ ដែលត្រូវក្រុមហ៊ុន ហេងហាក់ម៉ុងសុំសិទ្ធិវិនិយោគនៅលើទីតាំងដីអាស្រ័យផលរបស់ពួកគាត់ ។

លោក ម៉ៅ មួន មេភូមិព្រែកត្នោត បានបញ្ជាក់ពីប្រវត្តិនៃការកាន់កាប់ដីអាស្រ័យផល របស់ប្រជាពលរដ្ឋនៅតំបន់នេះថា ពួកគាត់ពិតជាបានកាន់កាប់អាស្រ័យផលក្នុងអំឡុងឆ្នាំ១៩៨០ ជាងដល់១៩៩០ជាង ដោយការកាន់កាប់របស់ពួកគាត់ មុនរាជរដ្ឋាភិបាលបង្កើតមន្ត្រីឧទ្យានជាតិ ឬ(សហគមន៍) ហើយកន្លងមកក៏ធ្លាប់បានអាជ្ញាធរខេត្តចុះវាស់វែងជូនពរគាត់ជាច្រើនលើក តែមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិ ។ លោកបញ្ជាក់ថា (ចំណុចទីតាំងនេះជាតំបន់ស្រពិចស្រពិលមិនទាន់មានភាពច្បាស់លាស់) រហូតមកដល់ថ្ងៃនេះក្នុងនាមលោកជាមេភូមិតំណាងឲ្យអាណាព្យាបាលពលរដ្ឋជាង២០ឆ្នាំពុំដឹងថា បង្គោលព្រំឧទ្យានជាតិ នៅចំណុចណាឲ្យច្បាស់លាស់នៅឡើយទេ។

លោកសំណូមពរស្នើសុំដល់ក្រុមហ៊ុននានា ដែលទទួលបានសិទ្ធិវិនិយោគនៅតំបន់នេះមុននិងធ្វើការអភិវឌ្ឍន៍សូមសហការជាមួយអាជ្ញាធរ និងព្រឹក្សាផ្ដល់ព័ត៌មានឲ្យបានជ្រាប់ច្បាស់ជូនប្រជាពលរដ្ឋ ជៀសវាងបង្ករភាពថ្នាំងថ្នាក់បាត់បង់ជំនឿជឿជាក់ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដោយប្រការណាមួយកើតឡើងដោយសារ តែការយល់ខុស ឬភាន់ច្រឡំថា មានការឃុបឃិត៕ អត្ថបទដោយ៖  ទ្រី ហៀន