ឆ្លងឆ្នាំសកល២ថ្ងៃ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ២លាននាក់

ភ្នំពេញ៖ នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់, ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់, ខេត្តសៀមរាប ៣៣៧,៧៦៩នាក់, ខេត្តកំពត ៣៣០,៦៥៩នាក់, ខេត្តបាត់ដំបង ១៥៨,១១០នាក់, ខេត្តកែប ៨៨,៣៥៦នាក់, ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ និងខេត្តកំពង់ចាម ៧៦,៩០១នាក់។

បើតាមឯកឧត្តម ថោង ខុន បានឱ្យដឹងថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានាបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោគោមជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។

គោលដៅទេសចរណ៍នានាទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។

ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។

ឯកឧត្តមបានបន្តថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងបន្តដំណើរកម្សាន្តរហូតដល់ថ្ងៃចន្ទ ហើយខ្លះទៀតបានវិលចូលរាជធានីភ្នំពេញវិញជាបណ្តើរៗនាថ្ងៃអាទិត្យនេះ។ ឯកឧត្តមបញ្ជាក់ថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកំលាំងប្រចាំការនៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ក្នុងពេញ១ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរជាតិដើរកម្សាន្តក្នុងប្រទេសចំនួនជាង១៣លាននាក់ហើយ លើសផែនការដែលបានគោងទុកក្នុងផែនទីចង្អុលផ្លូវ។ រីឯទេសចរអន្តរជាតិតាមការប៉ាន់ស្មានបានប្រមាណជាង២.២លាននាក់៕