សម្តេចតេជោស្វាគមន៍ការបើកប្រទេសចិនឡើងវិញ និងសូមស្វាគមន៍អ្នកទេសចរណ៍ពីប្រទេសនេះមកកម្ពុជា

ខេត្តក្រចេះ ៖ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍អ្នកទេសចរណ៍ជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្ដេចសង្ឃឹមថានឹងជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាស «អញ្ជើញប្រជាជនចិនមកកម្ពុជា» ដោយថានឹងផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោថា៖ «អ្នក (ប្រទេសផ្សេង) តឹងតែងជាងមួយចិនក៏តឹងតែងចុះ តែកម្ពុជាស្វាគមន៍ ព្រោះវាផ្ដល់ឱ្យមានអត្ថប្រយោជន៍ដល់កម្ពុជា។ បើទេសចរណ៍ចិនបើកជើងយន្តហោះរាប់សិបជើងក្នុងមួយថ្ងៃ និងធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា និងរើជាមួយនឹងកសិកម្ម ឧស្សាហកម្ម»។

សូមជម្រាបថា ក្នុងឆ្នាំ២០១៩ មុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ កម្ពុជាបានទទួលអ្នកទេសចរណ៍សរុបជាង ៦លាននាក់ ភាគច្រើនគឺអ្នកទេសចរជនជាតិចិន៕