វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០,៣២១ករណីបន្ថែមទៀត និងស្លាប់១៩០នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១០,៣២១ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៩០នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន ២២ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានចំនួន១,៥៤៧ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,១០៤,៨៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩១០,២៧៦នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៣,៩៥១នាក់៕