គីម ជុងអ៊ុន បញ្ជាឱ្យអភិវឌ្ឍមីស៊ីលបាលិស្ទីគ ICBM ថ្មីៗបន្ថែមទៀត និងបង្កើនចំនួនអាវុធនុយក្លេអ៊ែរ

ព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បទបញ្ជាឱ្យមានការអភិវឌ្ឍមីស៊ីលបាលិស្ទីគអន្តរទ្វីប ឬ ICBM ថ្មីៗបន្ថែមទៀត ព្រមទាំងបង្កើនចំនួនអាវុធនុយក្លេអ៊ែរឱ្យកាន់តែច្រើនជាងមុន ដើម្បីទប់ទល់ការគំរាមកំហែងដែលដឹកនាំដោយ​សហរដ្ឋអាមេរិក ចំពោះមុខការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា អំឡុងកិច្ចប្រជុំមួយនៃគណបក្សកាន់អំណាចកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសរំលេចអំពីភាពចាំបាច់ ក្នុងការធានាឱ្យបានអានុភាពយោធាខ្លាំងសម្បើម ដើម្បីការពារអធិបតេយ្យនិងសន្តិសុខរបស់ខ្លួន។ ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើនឡើង ខណៈកូរ៉េខាងជើងធ្វើតេស្តមីស៉ីលជាច្រើនលើក កាលពីក្នុងឆ្នាំ២០២២ រួមមានទាំងមីស៉ីល ICBM និងជាពិសេសទៀតនោះ បន្ទាប់ពីដ្រូនកូរ៉េខាងជើងប៉ុន្មានគ្រឿង បានហោះទន្ទ្រានចូលដែនអាកាសកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន។

លោក គីម បានចោទទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលថា ព្យាយាមដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង តាមរយៈការបញ្ជូនឥតឈប់ឈរ នូវសព្វាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ មកកាន់កូរ៉េខាងត្បូង។ ដូច្នេះហើយ លោក គីម បានប្តេជ្ញាអភិវឌ្ឍមីស៉ីល ICBM ប្រភេទថ្មី ដែលមានតួនាទីចម្បងអាចធ្វើការវាយបក ដោយនុយក្លេអ៊ែរបានយ៉ាងឆាប់រហ័ស នៅក្រោមផែនការពង្រឹង​កងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ បើតាមលោក គីម រឿងទាំងនេះនឹងក្លាយជាអាទិភាពចម្បង នៃយុទ្ធសាស្រ្តនុយក្លេអ៊ែរនិងការពារជាតិឆ្នាំ២០២៣

មេដឹកនាំកូរ៉េខាងជើងរូបនេះ បាននិយាយថា ស្ថានការណ៍តានតឹងនាពេលបច្ចុប្បន្ន ដែលបង្កឡើងដោយការគំរាមកំហែងផ្នែកយោធា ពីសំណាក់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក គឺស្តែងឱ្យឃើញពីសារសំខាន់និងភាពចាំបាច់ ក្នុងការពង្រឹងឱ្យបានខ្លាំងលើសលប់ នូវ​សាច់ដុំយោធារបស់កូរ៉េខាងជើង តាមរយៈការផលិតអាវុធនុយក្លេអ៊ែរតាក់ទិចទ្រង់ទ្រាយធំ ព្រមទាំងការបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឱ្យបានច្រើនបំផុត៕