កូរ៉េខាងត្បូង និង​អាមេរិក ពិចារណា​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ​រួមគ្នា​

សេ​អ៊ូ​ល​៖ ប្រធានាធិបតី លោក Yoon Suk-yeol បាន​និយាយ នៅក្នុង​បទសម្ភាសន៍​កាសែត​មួយ​ថា កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក កំពុង​ពិភាក្សា​អំពី​ផែនការ និង​សមយុទ្ធ​នុយក្លេអ៊ែរ​រួមគ្នា ដោយ​បន្ថែមថា ដើម្បី​ត្រៀម​ប្រឈមមុខ​នឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដែល​កំពុង​កើនឡើង​ពី​កូរ៉េខាងជើង​។​

កាសែត Chosun Ilbo បាន​ដកស្រង់​សម្តី​លោក Yoon ដោយ​និយាយថា ផែនការ និង​សមយុទ្ធ​រួមគ្នា​នេះ​មាន​គោលបំណង​អនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នៃ​ការឆ្លើយតប​ទៅកាន់​ក្រុង​ព្យុងយ៉ាង​។​

លោក Yoon បាន​កត់សម្គាល់ថា អាវុធ​នុយក្លេអ៊ែរ​ជា​កម្មសិទ្ធិ​របស់​សហរ​ដ្ឋ​អាមេរិក ប៉ុន្តែ​ផែនការ ការចែករំលែក​ព័ត៌មាន សមយុទ្ធ និង​ការហ្វឹកហ្វឺន​គួរតែ​រួមគ្នា​ធ្វើឡើង​ដោយ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន ដោយ​បន្ថែមថា មន្ទីរ​បញ្ច​កោណ ក៏​យល់ស្រប​ផងដែរ​អំពី​គំនិត​នេះ​។​

ការកត់សម្គាល់​របស់ លោក Yoon កើតឡើង​មួយថ្ងៃ បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​រាយការណ៍​ថា មេដឹកនាំ​លោក Kim Jong Un បាន​អំពាវនាវ​ឱ្យមាន​ការអភិវឌ្ឍ​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​ថ្មី និង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ធំ​ជាង​មុន ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ស្របពេល​មាន​ភាព​តានតឹង​រវាង​គូប្រជែង​កូរ៉េ​៕