ទាហានរុស្ស៊ី ៦៣ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលអ៊ុយក្រែនអំឡុងថ្ងៃចូលឆ្នាំថ្មី

កៀវ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ទាហានរុស្ស៊ីសរុបចំនួន ៦៣ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើសាលាវិជ្ជាជីវៈមួយនៅភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ីនៅព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មីកន្លងទៅនេះ ហើយដែលនេះជាការបាត់បង់ទាហានរុស្ស៊ីក្នុងចំនួនដ៏ច្រើនបំផុត មកទល់នឹងពេលនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Moscow time។

ការទទួលស្គាល់ដ៏កម្រខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ីបានបង្កឱ្យមានការខឹងសម្បាយ៉ាងខ្លាំងនៅក្នុងចំណោមអ្នកជាតិនិយមរុស្ស៊ីដែលបានអំពាវនាវឱ្យទីក្រុងមូស្គូ ធ្វើការសងសឹក វិញជាបន្ទាន់។

អ៊ុយក្រែនក៏បានអះអាងដែរថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលើទាហានរុស្ស៊ីនៅក្នុងទីក្រុងម៉ាគីអៀវកា (Makiivka) ស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេស កាលពី ថ្ងៃចូលឆ្នាំថ្មី ហើយថា ទាហានរុស្ស៊ីរាប់រយនាក់ឯណោះត្រូវបានសម្លាប់។ តែបើតាមក្រសួងការពារជាតិរុស្ស៊ីទាហានរបស់ខ្លួន៦៣នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល ចំនួន៤គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធមីស៊ីល HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។

ដោយឡែក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ អ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនរុស្ស៊ី៣៩គ្រឿង នៅក្នុងយុទ្ធនាការរបស់ ទីក្រុងមូស្គូ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងរដ្ឋធានីកៀវ និងទីក្រុងជាច្រើនទៀត ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមក។

សូមជម្រាបថា នេះជាការបាត់បង់ទាហានរុស្ស៊ីក្នុងចំនួនដ៏ច្រើនបំផុត នៅក្នុងសង្រ្គាមអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីឈ្លានពានចូលអ៊ុយក្រែន កាលពីថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២២មក៕