ទីក្រុងដាម៉ាស ទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខ UN បញ្ឈប់សកម្មភាពរបស់អ៊ីស្រាអែល ប្រឆាំងនឹងស៊ីរី

ដាម៉ាស៖ ក្រសួងការបរទេសស៊ីរី បានទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ត្រូវតែមានប្រតិកម្មចំពោះការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល មកលើប្រទេសស៊ីរី និងទប់ស្កាត់មិនឲ្យមានសកម្មភាពបែបនេះកើតឡើងទៀតនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុង​សារ​មួយ​ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន SANA បាន​បញ្ជាក់ថា ក្រសួងការបរទេស​ស៊ី​រី បានទាមទារ​ឱ្យមាន​ការស្វែងរក​យុត្តិធម៌​សម្រាប់​ឈ្លានពាន​ថ្មីៗ​នេះ​។

សេចក្តីថ្លែងការណ៍ បានសរសេរថា ស្រប​ពេលដែល​ប្រជាជន កំពុង​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី អ៊ីស្រាអែល បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ទីក្រុង ដា​ម៉ាស ហើយ​ជា​លទ្ធផល​បណ្ដាល​ឲ្យ​ទាហាន​ស៊ី​រី ២ នាក់​ស្លាប់​។

គួរបញ្ជាក់ថា ស៊ីរីបានថ្កោលទោសការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ជនស៊ីវិលស្លូតត្រង់ និងរំខានដល់ទំនាក់ទំនងផ្លូវអាកាសរបស់ខ្លួន។ ទីក្រុងដាម៉ាស បានចាត់ទុកសកម្មភាពរបស់អ៊ីស្រាអែល គឺជាការរំលោភច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់៕