អូស្រ្តាលីផ្ដល់ជំនួយជាង១០០លានដុល្លារ ដល់កម្ពុជាសម្រាប់សកម្មភាពបោសសំអាតមីន ក្នុងរយៈពេលជិត៣០ឆ្នាំ

ភ្នំពេញ៖ ក្នុងរយៈពេលជិត ៣០ឆ្នាំ គឺចាប់ឆ្នាំ១៩៩៤មក ប្រទេសអូស្ត្រាលី បានផ្ដល់ថវិកាចំនួន ប្រមាណជាង ១០០លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីធ្វើការងារក្នុងវិស័យមីន និងបានរំដោះផ្ទៃដីចម្ការមីន បានប្រមាណ ២៥០គីឡូម៉ែត្រក្រឡា ហើយកម្ពុជា​បានស្នើដល់ អូស្ត្រាលី បន្តជួយផ្ដល់ជំនួយបន្ថែមទៀត លើការងារវិស័យមីននេះ ។

ក្នុងជំនួបជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតផុតអាណត្តិអូស្រា្តលី ប្រចាំនៅ កម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២អាជ្ញាធរ មីន មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង យ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ និងថ្លែងអំណរគុណដ៏យ៉ាងជ្រាលជ្រៅ ជូន ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និង ការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ និងចូលរួមដល់ការងារបោសសម្អាតមីនមនុស្ស ធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤ ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ការងារ បោស សម្អាតមីនមនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០លានដុល្លារ អាមេរិក ដោយរំដោះបានផ្ទៃដីប្រមាណជា ២៥០គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់នៅជូនប្រជាជន នៅតាមមូលដ្ឋានប្រមាណជាង ១លាននាក់ ។

ឯកឧត្តម លី ធុជ បានចាត់ទុកប្រទេសអូស្រ្តាលី គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងការងារ បោសសម្អាតមីន ព្រមទាំងបានស្នើសុំឲ្យ​រដ្ឋាភិបាលអូស្រា្តលី បន្តបន្ថែមថវិកាជួយដល់កម្ពុជា ដើម្បីបញ្ចប់ការងារបោសសម្អាតមីន នៅឆ្នាំ២០២៥ និងជួយដោះស្រាយ​ហានិភ័យ​ពីសំណល់ ជាតិ ផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ផងដែរ ។

ឯកឧត្តមអនុប្រធានទី១អាជ្ញាធរមីន បានបន្ថែមថា បន្ទាប់ពីបញ្ចប់ការងារបោសសម្អាត មីន ក្នុងគម្រោងសម្តេចតេជោសម្រាប់​សកម្មភាពមីនទាំងស្រុង កម្ពុជានៅសល់ផ្ទៃដីសង្ស័យ មានមីនប្រមាណជា ៥៨៧គីឡូម៉ែត្រក្រឡាទៀត ដែលកម្ពុជាមានមហិច្ឆតា ត្រូវបញ្ចប់ឲ្យអស់ ត្រឹមឆ្នាំ២០២៥ ។

ក្នុងជំនួបនោះ ឯកឧត្តម Pablo Kang បានថ្លែងអំណរគុណចំពោះអាជ្ញាធរមីន ដែល បានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុង​អាណត្តិបេសកកម្មការទូត របស់ឯកឧត្តមនៅកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងអាចសម្រេចនូវគោលដៅរបស់ខ្លួន ក្នុងការបញ្ចប់ ការងារបោសសម្អាតមីននៅឆ្នាំ២០២៥ ។ ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងរបស់អាជ្ញាធរមីន ក្នុង ការងារសម្របសម្រួល​វិស័យសកម្មភាព​មីននៅកម្ពុជា ដោយបានទទួលលទ្ធផលជាច្រើនរយៈពេល៣០ឆ្នាំនេះ ៕