ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីហិង្សាបណ្ដាលឱ្យផ្ទុះអាវុធរងរបួសក្មេងៗ ៣នាក់

ភ្នំពេញ៖ ជនសង្ស័យចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូន​ទៅកាន់ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោករកា បន្ទាប់ពីពាក់ព័ន្ធនៅក្នុងករណីហិង្សារហូតឈានដល់បាញ់បោះ និង​បង្កស្នាម​របួស​ដល់មនុស្ស០៣នាក់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង​៩ និង៣០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមលោកអនុសេនីយ៍ឯក អ៊ុន ផុស នាយរងប៉ុស្តិ៍ទទួលផែនព្រហ្មទណ្ឌនៃប៉ុស្តិ៍រដ្ឋបាល​គោករកា បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលភាគីពីរ​នាក់​បង្ក​ហិង្សា​រហូត​ឲ្យ​ជនបង្ក​ដែលកាន់កាប់​អាវុធ​​ឈានដល់ផ្ទុះអាវុធ​មួយគ្រាប់ ប្រើប្រាស់អាវុធម៉ាក់ lock ដើម្បីគំរាម។ ក៏ប៉ុន្តែជា​អកុសល​បាញ់​មួយគ្រាប់​សំដៅ​ទៅផ្លូវបេតុង​បណ្ដាល​ឱ្យ​បំណែក​បេតុង​ខ្ទាតទៅត្រូវ ក្មេងៗ​ចំនួន​បីនាក់ដែល​កំពុងអង្គុយ​លេងក្បែរនោះ។

លោកនាយរងប៉ុស្តិ៍ បានឲ្យដឹងថា មុនឈានដល់ករណីហិង្សា​ និងផ្ទុះអាវុធនេះដំបូង​ឡើយ​គឺយុវជន​ពីរនាក់​ដែល​ត្រូវបាន​នគរបាលឃាត់ខ្លួនដែរ​នោះ​ចោទ​ទៅ​លើ​បុរសម្នាក់​ដែលជាមន្រ្តី​យោធាមាន​អាវុធ ថា​យក​ដប​ទឹកសុទ្ធ​គប់​ទៅ​លើពួកគេ ពេលនោះ​បុរសដែលកាន់កាប់អាវុធឆ្លើយថា​មិន​ដឹង​នោះទេ ស្រាប់តែបុរសពីរនាក់នោះ​ហក់​ទៅ​បង្កហិង្សារហូត​ឱ្យ​បុរស​កាន់​អាវុធ​សម្រេចចិត្តបាញ់មួយ​គ្រាប់​ចុច​ទៅផ្លូវបេតុងដើម្បីគំរាម។

សូមបញ្ជាក់ផងដែរ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយ​ដឹងថា នៅ​មុនពេលកើតហេតុ មានក្មេងមួយក្រុមអង្គុយលេង​ហ្គេមតាម​ទូរស័ព្ទដៃ​ នៅចំណុចកើតហេតុ ស្រាប់​តែ​មានជនសង្ស័យ៣នាក់ ដើ​រមកជិតរួចប្រើអោយ​ទៅ​ទិញអីវ៉ាន់​ (គ្រឿងញៀន) តែ​ក្មេងៗ​ទាំងនោះ​បដិសេធ ​មិនព្រមទៅតាមបញ្ជា ​ជន​សង្ស័យក៏​បាន​ដើរ​ទៅវិញបាត់។

ក្មេងប្រុសម្នាក់ក្នុង​ចំណោម​ក្មេង​រងគ្រោះ ​បានឲ្យដឹងថា ​ខ្លួនបានទៅផ្ទះ​ រួចត្រឡប់​មក​ទិញ​អីញាំ ស្រាប់តែប្រទះឃើញជនបង្ក ​ឈ្លោះគ្នា​ជាមួយក្មេងៗឯទៀត ​ខ្លួន​ក៏ដើរចេញ ភ្លាមៗនោះ​ជម្លោះ​កាន់តែខ្លាំង​ ធ្វើអោយជនបង្កខឹងដកកាំភ្លើងបាញ់មួយគ្រាប់ទៅដី ​បណ្តាលឲ្យខ្ទាតត្រូវក្មេងៗ ដែល​កំពុងលេងសប្បាយជុំគ្នានៅក្នុងភូមិ​ ចំនួន០៥នាក់​ រួមទាំងខ្លួនម្នាក់ ​សរុប០៦នាក់​ របួសធ្ងន់៣នាក់ និង​ស្រាល៣នាក់។ ក្មេងរងគ្រោះបន្ថែមថា កន្លងមកជនបង្ក ​ធ្លាប់បានដកកាំភ្លើង ភ្ជង់​គំរាម​គេរួចម្តង​មកហើយ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​កំពុងធ្វើការសាកសួរ​និង​កសាងសំណុំរឿង​ចាត់ការតាមនីតិវិធី៕