ថ្ងៃនេះជាខួប៤៧ឆ្នាំនៃអាពាហ៍ពិពាហ៍ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំដោយខ្មែរក្រហម

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួប៤៧ឆ្នាំ (៥ មករា ១៩៧៦-៥ មករា ២០២២) នៃចំណងអាពាហ៍ពិពាហ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគូស្រករ ១២គូផ្សេងទៀត ដែលរៀបចំដោយខ្មែរក្រហម។

នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «ពេលវេលាដ៏លំបាកបំផុតជាមួយទឹកភ្នែក

រាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជាក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជីវិតនិងការអភិវឌ្ឍដូចសព្វថ្ងៃ។ យើងមិននឹកស្មានថាយើងអាចរស់រហូតមកដល់ពេលនេះឡើយបើប្រៀបជាមួយការលំបាកនាពេលនោះ។

យើងក៏មិនបានគិតថាយើងមានកូននិងចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ។ មេរៀនបានបង្ហាញថារៀបការមានភ្លេងឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេបញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នាឬអត់?បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ»៕