ថ្ងៃនេះ ថៃ​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៥.១២៦​ករណីបន្ថែមទៀត និង​ស្លា​​ប់ចំនួន៥៣នាក់

បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះបានប្រកាសបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៥.១២៦​ករណី និង​មាន​អ្នកស្លាប់​ចំនួន៥៣​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។​

​បើតាមក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា ចំនួន​ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះបើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ចន្ទ មាន​ចំនួន ៦,៤២៨ ករណី នៅពេលដែល​ប្រទេស​នេះ​បាន​កត់ត្រា​ការស្លាប់​ចំនួន​៤៩​នាក់​កាលពី​ម្សិលមិញ​។ ដោយឡែកនៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន ៧,៧៤៨​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២,០៤៧,២៧២​នាក់ ក្នុងនោះ ១,៩៤៥,១២៧​នាក់ បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ២០.៣៩៥ នាក់​ក្នុងអំឡុងពេល​រលក​ទី ៣ និង ២០,៤៨៩ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕