ក្រសួងប្រៃសណីយ៍បង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការ របស់រដ្ឋមន្ដ្រី ជា វ៉ាន់ដេត នៅប្រទេសកូរ៉េ

ភ្នំពេញ ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យឌីជីថលរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត។

ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី លីម ហៃស៊ុក (Lim Hyesook) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋកូរ៉េ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានពិភាក្សាការងារជាមួយ លោកស្រី លីម ហៃស៊ុក លើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទូរគមនាគមន៍ ជំនាន់ទី៥ (5G) បច្ចេកវិទ្យាក្លោដ បញ្ញាសិប្បនិម្មិត និងការវិភាគទិន្នន័យជាដើម ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថល ឲ្យកាន់តែមានប្រសិទ្ធភាពនិងឆាប់រហ័ស៕