ចិន និងហ្វីលីពីន ប្តេជ្ញាដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិវិធី

ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ចិន និងហ្វីលីពីនបានយល់ព្រមបង្កើតបណ្តាញទំនាក់ទំនងដោយផ្ទាល់ លើបញ្ហាសមុទ្រចិនខាងត្បូង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ។

តាមរយៈក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ ក៏ដូចជាសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរពីលើតំបន់សមុទ្រចិនខាងត្បូង។ ប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរក្នុងការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត សំដៅស្តារឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មឲ្យបានច្រើនជាងមុនវិបត្តិជំងឺកូវីដ១៩។

សូមជម្រាបថា ប្រធានាធិបតីហ្វលីពីន កំពុងបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃ នៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន។ ក្នុងជំនួបជាមួយលោក ស៉ី ជិនពីង នៅថ្ងៃពុធសប្តាហ៍នេះ ហ្វីលីពីន និងចិន បានព្រមព្រៀងចាប់ផ្តើមការរុករកប្រេង និងឧស្ម័នឡើងវិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន១៤ ក្នុងនោះរួមមានកិច្ចព្រមព្រៀងលើកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ សន្តិសុខសមុទ្រ និងទេសចរណ៍ជាដើម៕