អតីតប្រធានាធិបតីរុស្ស៊ីព្រមានអាមេរិកថា មីស៊ីលល្បឿនលឿនជាងសំឡេងនឹងទៅដល់មាត់សមុទ្ររបស់ NATO ឆាប់ៗនេះ

មូស្គូ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានសហរដ្ឋអាមេរិកថា មីសុីលលឿនជាងសំឡេងនឹងទៅដល់ច្រាំងសមុទ្ររបស់អង្គការ NATO ឆាប់ៗនេះ បន្ទាប់ពីស្ថានទូតអាមេរិកបាននិយាយនៅក្នុងវីដេអូថា ខ្លួនឈរក្នុងសាមគ្គីភាពជាមួយប្រជាជនរុស្ស៊ីដែលប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

ការលើកឡើងខាងលើរបស់លោក ឌីមីទ្រី ម៉េដវេដេវ គឺចង់សំដៅទៅលើនាវាចម្បាំងមួយគ្រឿងប្រដាប់ដោយមីស៊ីលគ្រូសល្បឿនលឿនជាងសំឡេង ហ្សៀខន (Zircon) ដែលត្រូវបានលោក ពូទីន បញ្ជាឱ្យដាក់ពង្រាយទៅកាន់មហាសមុទ្រអាត្លង់ទិក ជាការបង្ហាញសាច់ដុំ។ បើតាមលោក ម៉េដវេដេវ នាវាចម្បាំងនេះអាចនឹងត្រូវដាក់ឱ្យឈរជើងនៅចម្ងាយ ១៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រសហរដ្ឋអាមេរិក។

ការឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន ត្រូវបានគេចាត់ទុកថាជាសង្រ្គាមធំបំផុតមួយនៅលើទឹកដីអឺរ៉ុប ចាប់តាំងពីសង្រ្គាមលើកលោកទី២មក ហើយបាននិងកំពុងធ្វើឱ្យទំនាក់ទំនងរវាង អាមេរិក និងរុស្ស៉ីធ្លាក់ចុះដុនដាបមិនធ្លាប់មានគិតចាប់តាំងពីសម័យវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក។

លោក ម៉េដវេដេវ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានគូសបញ្ជាក់ដូច្នេះថា «អំណោយដ៏ធំសម្រាប់ឆ្នាំថ្មី នោះគឺមីស៊ីលល្បឿនលឿនជាងសំឡេងហ្សៀខន (Zircon) បានចេញដំណើរកាលពីថ្ងៃម្សិលមិញ (ថ្ងៃពុធសប្ដាហ៍នេះ) ឆ្ពោះទៅរកមាត់សមុទ្រនៃបណ្ដាប្រទេស NATO​»៕