កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម លឹម គង់ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានអញ្ជើញជាអធិបតី ក្នុងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក តូវ សុធារ៉ា  ប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ព្រមទាំង លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង/ស្រុក និងសហគ្រិន សិប្បករ អាជីវករ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា វិស័យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត កំពុងបោះជំហានឆ្ពោះទៅមុខ និងបានរួមចំណែកយ៉ាងច្រើនទៅក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងខេត្តមណ្ឌលគិរី។ ជាក់ស្ដែង ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមកត្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងបានទទួលនូវគម្រោងស្តារ និង អភិវឌ្ឍន៍ ប្រភពទឹកទំនប់សុខដុម (ទំនប់លើ) និង ទំនប់សែនមនោរម្យ (ទំបន់ក្រោម) ដោយប្រើប្រាស់ប្រភពថវិកា ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩។ ហើយបច្ចុប្បន្ននេះ ប្រភព ទឹកទាំងពីរខាងលើ មិនត្រឹមតែសម្រាប់បម្រើវិស័យទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងប្រើប្រាស់ជាពហុបំណង រួមមានវិស័យ ពាណិជ្ជកម្មទេសចរណ៍, កសិកម្មផងដែរ។

ឯកឧត្តម លឹម គង់ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែចង្អុលបង្ហាញ និងផ្តល់នូវអនុសាសន៍ដ៏ឧត្តុង្គឧត្តម និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រប់វិស័យ។

ឯកឧត្តម បានបញ្ជាក់ថា រាល់សកម្មភាពការងារ និងសមិទ្ធិផលសម្រេចបាន របស់មន្ទីរ ក្នុងឆ្នាំ២០២២កន្លងមក ជាការពិតណាស់ លទ្ធផលដ៏ប្រសើរនេះមិនមែនកើតមានឡើងដោយចៃដន្យនោះទ ពោលគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី ជំនាញ គួបផ្សំជាមួយនឹងការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំ ខេត្ត និងការចូលរួមចំណែកយ៉ាងសកម្មពីមន្ទីរជំនាញពាក់ព័ន្ធ និងអស់លោក-លោកស្រីជាសហគ្រិន សិប្បករ និងអាជីវករ ទាំងអស់ក្នុងខេត្ដ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា បើទោះបីប្រទេសកម្ពុជា បានទទួលរងនូវវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី ក៏វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងខេត្តមណ្ឌលគិរី នៅតែបន្តសន្ទុះរីកចម្រើនទៅមុខសន្សឹមៗ។ ជាក់ស្តែង វិស័យទឹកស្អាត បានផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានចំនួន៤,៤៦៧ តំណ (ខ្នងផ្ទះ) ស្មើនឹង ១១% ហើយក្នុងឆ្នាំ២០២២ ក៏មានស្ថានីយ៍ផលិត និងផ្គត់ផ្គង់ទឹកស្អាត ឯកជនចំនួន ០២បន្ថែមទៀត នៅស្រុកអូររាំង និងស្រុកពេជ្រាដា បានទទួលប្រកាសអនុញ្ញាតផ្គត់ផ្គង់ទឹកស្អាតពីក្រសួង ដូច្នេះគិតមកត្រឹមពេលនេះ យើងមានស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតរដ្ឋ និងឯកជន ដែលមានប្រកាសអនុញ្ញាត ចំនួន ០៥ស្ថានីយ៍ និង ស្ថានីយ៍ ឯកជន, អង្គការ-ដៃគូអភិវឌ្ឍន៍ដែលមិនទាន់ទទួលបានប្រកាសអនុញ្ញាតចំនួន ០៦ទីតាំងផ្សេង ទៀត ក៏បានរួមចំណែកក្នុងការផលិត និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីផងដែរ៕ ដោយ៖ ផល្លិត ហៅបូរ៉ា