សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយកយាងនិមន្តបង្សុកូលប្រគេនព្រះសពមេគណខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា យាងនិមន្តទៅបង្សុកូលប្រគេនព្រះសព ព្រះវិមលត្ថេរ សៅ យ៉ាន ព្រះរាជាគណៈកិត្តិយស ព្រះមណ្ឌលសោភ័ណ មេគណខេត្តមណ្ឌលគិរី និងជាចៅអធិការវត្តសែនមនោរម្យ ដែលបានអនិច្ចកម្មធម្ម (ជីវិតន្តរាយ) កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩ និង១៣នាទីយប់ ក្នុងព្រះជន្ម ៨៩ព្រះវស្សា ដោយព្រះរាគាពាធ នៅវត្តសែនមនោរម្យ ដែលស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបង្សុកូលប្រគេនព្រះសព ព្រះវិមលត្ថេរ សៅរ៍ យ៉ាន ព្រះរាជាគណៈកិត្តិយស ព្រះមណ្ឌលសោភ័ណ មេគណខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញអមព្រះរាជដំណើរដោយសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋមកពីបណ្តារាជធានីខេត្តជាច្រើនអង្គ/នាក់ផងដែរ។

ក្នុងឱកាសប្រកបដោយសមានទុក្ខ ដោយសែនសង្រេងនេះ ក្នុងនាមសម្តេច ព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមគណៈសង្ឃ សូមចូលរួមរំលែកនូវមរណៈទុក្ខដោយក្តីស្រណោះ អាឡោះអាឡៃបំផុត រួមជាមួយព្រះមន្ត្រីសង្ឃ នៃសាលាគណខេត្តមណ្ឌលគិរី ដែលបានបាត់បង់ នូវព្រះបិតាសង្ឃខេត្ត ដែលបានរួមចំណែក យ៉ាងសកម្មក្នុងការលើកស្ទួយ តម្លៃវប្បធម៌ព្រះពុទ្ធសាសនា និងសង្គមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ការបាត់បង់ ព្រះវិមលត្ថេរ សៅ យ៉ាន គឺជាការបាត់បង់នូវព្រះមន្ត្រីសង្ឃជាន់ខ្ពស់ និងជាព្រះមេគណខេត្តមួយអង្គដ៏ឆ្នើម ព្រះទាំងជាព្រឹទ្ធមហាថេរ ដែលមានព្រះជន្មវស្សាច្រើន ក្នុងចំណោមព្រះមហាថេរ ទាំងឡាយដ៏តិចតូចរបស់ព្រះពុទ្ធសាសនាកម្ពុជា។ ព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក សូមឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ប្រគេនចំពោះដួងព្រះវិញ្ញាក្ខន្ធ ព្រះសព ព្រះវិមលត្ថេរ សៅ យ៉ាន បាននិមន្តទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងពិធីយាងបង្សុកូលប្រគេនព្រះសព ព្រះវិមលត្ថេរ សៅ យ៉ាន ព្រះរាជាគណៈកិត្តិយស ព្រះមណ្ឌលសោភ័ណ មេគណខេត្តមណ្ឌលគិរី សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង ព្រះបាឡាត់មណ្ឌលានុរ័ក្ខ ពេជ្រ សុភ័ក្រ្ត ព្រះបាឡាត់គណខេត្តមណ្ឌលគិរី ជាព្រះមេគណស្តីទី បន្តដឹកនាំការងារសាលាគណខេត្តតទៅ៕ ដោយ ៖ ផែង ផល្លិត