EU នឹងដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ណា​ដែល​ជួយ​រត់ពន្ធ​ជន​ចំណាកស្រុក​ខុសច្បាប់​

ញូវយ៉ក​ ៖ គណៈកម្មការអឺរ៉ុបបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងការជួយសម្រួលដល់ការរត់ពន្ធជនអន្តោប្រវេសន៍ចូលមកក្នុងសហភាពអឺរ៉ុប កាត់តាមប្រទេសបេឡារុស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែង​ទៅកាន់​សភាជាតិ​អឺរ៉ុប លោក Ursula von der Leyen បាន​និយាយថា វិធានការ​នេះ​នឹងដាក់​ក្នុង​បញ្ជីខ្មៅ សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​ជន​ចំណាកស្រុក​ឲ្យ​ចេញ​-​ចូលទៅ​កាន់​ដែនអាកាស​សហភាព​អឺរ៉ុប ការចុះ​ចត​នៅ​អាកាសយានដ្ឋាន តាម​កំពង់ផែ ឬ​ឆ្លងកាត់​ទឹកដី​សហភាព​អឺរ៉ុប ផងដែរ​។​

អនុប្រធាន​គណៈកម្មកា​រ​ទទួលបន្ទុក​ផ្នែក​ជនភៀសខ្លួន​អឺរ៉ុប​លោក Margaritis Schinas បាន​និយាយថា ស្ថានភាព​នេះ​គឺជា​លទ្ធផល​នៃ​មនុស្ស​ដែល​លក់​មនសិកា​ខ្លួនឯង សម្រាប់​បណ្តាញ​រត់ពន្ធ​អន្តរជាតិ​ទាំងអស់​។ លោក បន្តថា នេះ​មិនមែនជា​ការគំរាមកំហែង ចំពោះ​ជនភៀសខ្លួន ឬ​វិបត្តិ​នេះ នោះទេ ដែល​វា​គ្រាន់តែ​ជាការ​រក្សា​នូវ​សុវត្ថិភាព​សម្រាប់​សង្គម​ជាតិ​មួយ ដូច្នេះ​យើង​ត្រូវតែ​ដោះស្រាយ​ជាមួយ​បញ្ហា​នេះ​។​

សូមជម្រាបថា កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម​ភាគី​បេឡា​រុស្ស លោក Alexander Lukashenko បាន​អំពាវនាវ​ឱ្យ​សហភាព​អឺរ៉ុប សហការ​ជាមួយ​ទីក្រុង Minsk ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន ដែល​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ហើយ​ថែមទាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ១០ នាក់​ស្លាប់​ផងដែរ​៕