សម្ព័ន្ធមិត្តលោកខាងលិចបរាជ័យក្នុងការឯកភាពគ្នា ជុំវិញការផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 ឱ្យអ៊ុយក្រែន

បែរឡាំង៖  សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានបរាជ័យក្នុងការឯកភាពគ្នាជុំវិញបញ្ហាផ្គត់ផ្គង់រថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ឱ្យទៅអ៊ុយក្រែន។

កាលពីថ្ងៃសុក្រ ក្រុមថ្នាក់ដឹកនាំផ្នែកការពារជាតិនៃសមាជិកអង្គការណាតូ (NATO) ព្រមទាំងសម្ព័ន្ធមិត្តដទៃទៀតសរុបប្រហែល៥០ប្រទេស បានជួបគ្នានៅមូលដ្ឋានទ័ពអាកាសរ៉ាមស្តែន (Ramstein) របស់អាមេរិក​ ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។ វាគឺជាសន្និសីទថ្មីចុងក្រោយគេ ស្តីពីការសន្យាផ្តល់សព្វាវុធ ចាប់តាំងតែពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពី១១ខែមុន។

អំឡុងសន្និសីទខាងលើ អាល្លឺម៉ង់បានទទួលរងសម្ពាធសាជាថ្មី ឱ្យផ្តល់ភ្លើងបៃតងសម្រាប់ការប្រគល់រថក្រោះ Leopard 2 ដែលប្រទេសខ្លួនជាអ្នកផលិត ឱ្យទៅអ៊ុយក្រែន ប៉ុន្តែពុំមានការសម្រេចចិត្តត្រូវបានធ្វើឡើងឡើយ។ ការបរាជ័យក្នុងការឯកភាពគ្នាផ្តល់រថក្រោះនេះ ហាក់គឺជា​សញ្ញាមួយស្តែងឱ្យឃើញពី ការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើង នៅក្នុងសម្ព័ន្ធមិត្ត NATO ជុំវិញការផ្តត់ផ្គង់សព្វាវុធធុនធ្ងន់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលធ្លាប់ទទូចសុំជាច្រើនលើកឱ្យមានការផ្តល់ រថក្រោះប្រយុទ្ធដល់ប្រទេសលោក បាននិយាយកាលពីថ្ងៃសុក្រថា វាពុំមានជម្រើសអ្វីផ្សេងនោះឡើយ គឺក្រុមប្រទេសលោកខាងលិច ចាំបាច់ត្រូវតែផ្តល់អាវុធប្រភេទនេះ៕