រដ្ឋលេខាធិការក្រសួងផែនការជំរុញឲ្យរដ្ឋបាលខេត្តមណ្ឌលគិរីពង្រឹងឡើងវិញនូវការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានជំរុញឲ្យរដ្ឋបាលខេត្តមណ្ឌលគិរី ពង្រឹងឡើងវិញនូវការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ឯកឧត្តម បានថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ( CLV-DTA Website ) ដោយមានការចូលរួមពី លោក ញ៉ន សិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី និង លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី  នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV មានសារ:សំខាន់ដែលជាកម្លាំងចលករ និង ជាព័ត៌មានមួយសម្រាប់ជាការទាក់ទាញឲ្យអ្នកវិនិយោគមកធ្វើការវិនិយោគក្នុងខេត្ត ដែលស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងអាចបានបង្កើតឱកាសការងារឲ្យប្រជាពលរដ្ឋ ធានាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តម រដ្ឋលេខាធិការក្រសួងផែនការ បានបន្តថាការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍សម្រាប់ខេត្តមណ្ឌលគិរី កន្លងមកហាក់បីដូចជាស្ងប់ស្ងាត់ជាពិសេសក្នុងបរិបថនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែបច្ចុប្បន្ននេះរាជរដ្ឋភិបាលកម្ពុជាពិសេក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបើកដំណើការ ប្រទេសគ្រប់វិស័យឡើងវិញហើយ នឹងសង្ឃឹមថាការងារប្រមូលព័ត៌មានបង្ហោះចូលគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ សម្រាប់ខេត្តមណ្ឌលគិរីនិងចាប់ដំណើរវិញដែរ ដើម្បីទាក់ទាញការវិនិយោគ ទាក់ទាញទេសចរណ៍ និងជាប្រយោជន៍ដល់ភាពរីកចំរើនរបស់ខេត្ត និងកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបន្តថា ដូច្នេះរដ្ឋបាលខេត្ត ត្រូវតែពង្រឹងឡើងវិញនូវការងារប្រមូលព័ត៌មានសម្រាប់បង្ហោះចូលក្នុងគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ( CLV-DTA Website ) និងរួមសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងការប្រមូលព័ត៌មាននានា ជាពិសេសវិស័យសំខាន់ៗ មានកសិកម្ម និង ទេសចរណ៍បង្ហាញឲ្យឃើញពីសក្តានុពលរបស់ខេត្តមណ្ឌលគិរី ហើយនេះជាការទាញយកផលប្រយោជន៍មួយកម្រិតសម្រាប់ខេត្ត នៅលើគេហទំព័រតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ។

សូមបញ្ជាក់ផងដែរ សម្រាប់កម្ពុជា មានខេត្តចំនួន៤ ដែលស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមាន ៖ ខេត្ត មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ៕ ដោយ ៖ ផែង ផល្លិត