ឯកឧត្តម ផៃ ស៊ីផាន ៖ ព័ត៌មានជាសារជាតិពិសេសសម្រាប់ចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយសង្គម!

ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ព័ត៌មានជាសារជាតិពិសេសសម្រាប់ចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយសង្គម។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ នាព្រឹកថ្ងៃទី២៤  ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញបើកកម្មវិធីសិក្ខាសាលា នៅសាលរដ្ឋបាលខេត្តស្ទឹងត្រែង។

ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ទៀតថា ព័ត៌មានត្រូវស្ថិតក្នុងវិន័យ និងចរាចរណ៍ចេញពីប្រភពផ្លូវការ ទៅដល់សាធារណជន ដើម្បីបញ្ជ្រៀបការយល់ដឹង និងការចូលរួមក្នុងកិច្ចកសាងនីតិរដ្ឋ  និងការទទួលខុសត្រូវ ស្របតាមនយោបាយអភិបាលកិច្ចល្អ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាល ។

ឯកឧត្តមបន្តថា នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួចក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋានតាមស្មារតីនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពក្នុងការដឹកនាំមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានដោយផ្ទាល់ តាមរយៈការធ្វើវេទិកាសាធារណៈ និងដោយប្រយោលតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានមន្ទីរជំនាញចូលរួមសហការយ៉ាងជិតស្និទ្ធ ក្នុងកិច្ចការក្តោបក្តាប់ និងគ្រប់គ្រងមតិសាធារណៈ ឆ្ពោះទៅរកប្រសិទ្ធភាព ឯកភាព និងសាមគ្គីភាពរវាងរាស្ត្រ និងរដ្ឋ ដោយចាប់ផ្តើមពីថ្នាក់មូលដ្ឋាន មកកាន់ថ្នាក់ជាតិ ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៤ និង២៥វិច្ឆិកា ក្នុង គោលបំណងស្នូលក្នុងការចែករំលែកនូវទស្សនៈទាន យន្តការ និងយុទ្ធសាស្ត្រជាមូលដ្ឋានគ្រឹះ នៃវិស័យព័ត៌មានរបស់រដ្ឋក្នុងទិសដៅកសាងឲ្យបាននូវអភិបាលកិច្ចល្អលើវិស័យព័ត៌មានថ្នាក់ក្រោមជាតិដើម្បីជំរុញប្រសិទ្ធភាពនៃការផ្សព្វផ្សាយ បំផុសព័ត៌មានចូលឲ្យកៀកប្រជាពរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់តាមមូលដ្ឋាន។

សិក្ខាសាលានេះផងនោះទៀត គឺស្តីអំពី « ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន » ដែលមានសិក្ខាកាមអញ្ជើញចូលរួមមកពីខេត្តចំនួន៤ មានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។ ក្នុងនោះដែរឯកឧត្តមប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍សង្ឃឹមថា សិក្ខាសាលានេះនឹងទទួលបានជោគជ័យ ជាផ្លែផ្កាដ៏ត្រចះត្រចង់ដេីម្បីចូលរួមសម្រេចឲ្យបាននូវបេសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការថែរក្សា ការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលជាឆន្ទៈ ដ៏មោះមុតរបស់រាជរដ្ឋាភិបាល ។

ស្ថិតក្នុងអង្គសិក្ខាសាលានោះ ឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត  កក៏បានថ្លែងយ៉ាងដូច្នេះថា វិស័យព័ត៌មានគឺជាកម្មវត្ថុដ៏មានសារ:សំខខាន់ដែលមិនអាចខ្វះបាន ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់៤.០  និងយុគសម័យបច្ចេកវិទ្យាឌីជីថល  ដ៏សម្បូរបែបនាពេលបច្ចុប្បន្ននេះ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា នឹងពង្រឹងការគ្រប់គ្រងព័ត៌មានដែលបានផ្សព្វផ្សាយចេញដើម្បីឈានទៅកាត់បន្ថយឲ្យបានដល់កម្រិតអប្បបរមាចំពោះព័ត៌មានប្រឌិត។ នឹងពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកព័ត៌មាន តាមរយៈការផ្តល់ឱកាសក្នុងការសិក្សាពង្រីកចំណេះដឹង នឹងបន្ថែមឲ្យបានច្រើនលើកទឹកចិត្តគាំទ្រនូវឧបករណ៍សម្ភារៈបច្ចេកទេស និងមធ្យោបាយសមស្រប ដើម្បីធានានិរន្តរភាពប្រតិបត្តិការការងារប្រចាំថ្ងៃ។ ជាងនេះទៅទៀតឯកឧត្តម នឹងខិតខំរៀបចំពង្រឹងសន្តិសុខព័ត៌មាន ដែលរដ្ឋបាលថ្នាក់នីមួយៗ ក៏ដូចជាមន្ទីរអង្គភាពជំនាញបានរៀបចំ និងផ្សព្វផ្សាយឲ្យចំគោលដៅ ដើម្បីទទួលបានការគាំទ្រពីសំណាក់មហាជន៕ ដោយ ៖ ម៉ាវិន