ករណីជញ្ជាំងធ្លាក់លើកម្មករអគារការដ្ឋានសំណង់សណ្ឋាគារសម័យថ្មីអន្តរជាតិបណ្ដាលឲ្យដាច់ជើងទាំងសងខាងត្រូវបានដោះស្រាយបញ្ចប់ ដោយភាគីនិយោជកយល់ព្រមទូទាត់សំណង

ខេត្តព្រះសីហនុ ៖ ក្រុមអធិការកិច្ចការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ   ដឹកនាំដោយលោក ម៉ី គីន អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារបានចុះមកអង្កេតគ្រោះថ្នាក់ការងារ តំណាងឲ្យលោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារខេត្តព្រះសីហនុក្នុងករណីជញ្ជាំងធ្លាក់លើ បណ្ដាលឲ្យដាច់ជើងទាំងសងខាងកម្មករ នៃអគារការដ្ឋានសំណង់សណ្ឋាគារសម័យថ្មីអន្តរជាតិ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤ ៖ ០០នាទីរសៀល។

ជនរងគ្រោះឈ្មោះ ស៊ុយ វង អាយុ៤៧ឆ្នាំ ស្រុកកំណើត ឃុំបុសលាវ ស្រុកចិត្របូរីខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រោយពីក្រុមការងារបានចុះទៅដល់កន្លែងកើតហេតុ និងសាកសួរព័ត៌មានសាក្សីនៅកន្លែងកើតហេតុបានបំភ្លឺថា កម្មករឈ្មោះ ស៊ុយ វង បានចូកកម្ទេចម្ទីកាកសំណល់ស៊ីម៉ងត៍ដាក់លើរទេះឲ្យជនជាតិចិនយកទៅចោលក៏ស្រាប់តែជញ្ជាំងធ្លាក់មកលើបណ្ដាលឲ្យបាក់ជើងទាំងសងខាងតែម្ដង។

ក្រោយការសម្រុះសម្រួលពីមន្រ្តីជំនាញភាគីទាំងពីរទទួល បានលទ្ធផលសះជា ដោយភាគីនិយោជកយល់ព្រមទូទាត់សំណងដូចខាងក្រោម ៖

១.បង់ថ្លៃព្យាបាលចំនួន ១០,០០០ដុល្លារ។

២.សំណងគ្រោះថ្នាក់ការងារចំនួន២០,០០០ដុល្លារ។

៣.ប្រាក់ឧបត្ថម្ភជូនជនរងគ្រោះចំនួន៣០០ដុល្លារ ដែលនឹងបើកជូននៅរៀងរាល់ថ្ងៃទី០៥ ឬទី០៦ នៃខែនិមួយៗរហូតដល់ក្រុមហ៊ុនបិទ លែងបើកដំណើរការ៕ ដោយ ៖ ទឹង សុភាព