
ទីក្រុងស៊ីដនីនឹងបញ្ឈប់ការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកពីបរទេស
ស៊ីដនី ៖ ប្រមុខរដ្ឋាភិបាលនៃរដ្ឋ New South Wales លោក Dominic Perrottet នៅថ្ងៃសុក្រនេះបាននិយាយថា ទីក្រុងស៊ីដនីនឹងបញ្ចប់វិធានការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរអន្តរជាតិដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន០២ដូស) ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ ដោយបង្ហាញពីការវិលត្រឡប់ពេញលេញនៃការធ្វើដំណើរទៅ-មកក្រៅប្រទេស បន្ទាប់ពីការបិទព្រំដែនអន្តរជាតិរបស់ខ្លួន អស់រយៈពេលជាង ១៩ខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។
ប្រទេសអូស្ត្រាលីបានបិទច្រកព្រំដែនអន្តរជាតិរបស់ខ្លួនតាំងពីមីនា ឆ្នាំ២០២០ មកម្ល៉េះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអនុញ្ញាតភាគច្រើនតែពលរដ្ឋរបស់ខ្លួន និងអ្នកស្នាក់នៅអចិន្ត្រៃយ៍ប៉ុណ្ណោះ ប៉ុន្តែទាមទារធ្វើចត្តាឡីស័ករយៈពេល២សប្តាហ៍នៅសណ្ឋាគារដែលបានរៀបចំទុកដោយរដ្ឋាភិបាល។
លោក Perrottet បានប្រាប់អ្នកកាសែតថា យើងចង់ឲ្យប្រទេសរបស់យើងវិលមកសភាពធម្មតាវិញ។ យើងកំពុងព្យាយាមចាត់វិធានការក្នុងការសង្គ្រោះប្រទេសឲ្យចេញផុតពីវិបត្តិកូវីដ ១៩ នេះ។ ហើយយើងនឹងបើកទីក្រុងស៊ីដនី និងទីរដ្ឋ New South Wales ឡើងវិញ។
គួរបញ្ជាក់ថា រដ្ឋ New South Wales ត្រូវបានគេរំពឹងថា ការចាក់វ៉ាក់សាំងពេញលេញដល់ទៅ ៨០ ភាគរយ សម្រាប់មនុស្សធំត្រឹមចុងសប្តាហ៍នេះ ខណៈដែលប្រទេសទាំងមូលត្រូវការយ៉ាងហោចណាស់ ២ សប្តាហ៍ទៀត ដើម្បីឈានដល់អត្រានេះ៕