អ្នកនាំពាក្យ៖ ទីតាំងសង់របងលើអតីតដីរបស់អង្គភាពនគរបាលជើងទឹក នៅឆ្នេរអូរឈើទាលគឺមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវពីរដ្ឋាភិបាល

ខេត្តព្រះសីហនុ៖ មតិមហាជនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងខេត្តព្រះសីហនុមានការងើយឆ្ងល់ចំពោះការសាងសង់សំណង់របងរឹងមាំស្កឹមស្កៃត្រូវបានសាងសង់នៅកណ្ដាលបណ្ដោយឆ្នេរអូរឈើទាលដែលធ្វើឲ្យបាត់បង់សោភណ្ឌភាពឆ្នេរដែលកន្លងមកចាត់ទុកខេត្តព្រះសីហនុជាឆ្នេរស្អាត ហើយជាតារារះនាទិសនារតីដែលសំណង់នេះស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុង.ខេត្តព្រះសីហនុ។

មតិមហាជនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងខេត្តព្រះសីហនុបានលើកឡើងថា ហេតុអ្វី? របងរឹងមាំនេះសាងសង់បានយ៉ាងរលូននៅលើឆ្នេរដោយមិនមានការហាមឃាត់ពីអាជ្ញាធរមន្ត្រីជំនាញក៏ដូចជាគណៈកម្មការឆ្នេរនោះឡើយ ខណៈពេលដែលអាជ្ញាធរបានលើកឡើងនាពេលកន្លងមកថា ឆ្នេរសាធារណៈទាំងអស់ត្រូវបានយកមកធ្វើជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋមិនអនុញ្ញាតឱ្យបុគ្គលណាយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះឡើយ គឺទុកជាឆ្នេរសាធារណៈសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកម្សាន្ត។

តែផ្ទុយទៅវិញមកដល់ពេលនេះរបងត្រូវបានសាងសង់បានស្ទើរតែរួចរាល់១០០%ដោយទីតាំងរបងនៅតាមបណ្ដោយឆ្នេរអូរឈើទាលដែលភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិតែងតែពេញនិយមមកលេងកម្សាន្តហើយក៏មានការថតបង្ហោះនៅតាមបណ្ដាញសង្គម tiktok និងស៊ែរតៗគ្នាទាក់ទងនឹងការសាងសង់របងនៅឆ្នេរអូរឈើទាលដែលភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិតែងតែពេញនិយមមកលេងកម្សាន្តកាន់តែច្រើនឡើងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែខេត្តព្រះសីហនុជាខេត្តដែលឆ្នេរស្អាតជាងគេបំផុតក្នុងចំណោមខេត្តទាំង៤និងជាឆ្នេរខ្សាច់ជាប់លំដាប់ ឆ្នេរស្អាតជាងគេក្នុងពិភពលោក។

ប្រភពបន្តថា តែរបងប្រវែងជិត៣០០ម៉ែត្រនេះ បាននឹងកំពុងធ្វើឲ្យខូចសោភណ្ឌភាពឆ្នេរយ៉ាងធ្ងន់ធ្ងរ ព្រោះទីតាំងឆ្នេរអូរឈើទាលនេះគឺជាឆ្នេរគំរូមួយក្នុងការរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងមានរៀបផ្លូវការូឡាដើរតាំងពីចំណុចពយតាមូងរហូតដល់ឆ្នេរអារីស្តុន ប៉ុន្តែមកបាំង តែរបងថ្មជិត៣០០ម៉ែត្រប៉ុណ្ណោះដែលពុំអាចរៀបការូឡាស្របមាត់សមុទ្រដូចទីតាំងពីដើមទី និងចុងទី។ ភ្ញៀវទេសចរណ៍ជាច្រើនបានសំណូមពរដល់ថ្នាក់ដឹកនាំក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសូមមេត្តាពិនិត្យទៅលើសំណង់នេះផង ព្រោះសំណង់នេះកំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុភ័ណ្ឌភាពឆ្នេរនៃខេត្តដ៏មានសកក្តានុពលរបស់កម្ពុជា។

ជុំវិញការលើកឡើងពីមតិមហាជនខាងលើនេះ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ដឹងថា សម្រាប់ទីតាំងដីនៅលើឆ្នេរអូឈើទាលដែលជាដីមានទំហំប៉ុន្មានជាជាង ៨៤០០ ម៉ែត្រការ៉េនេះគឺជាដីដែលអតីតរបស់អង្គភាពនគរបាលជើងទឹក ហើយបើតាមការពិនិត្យស្រាវជ្រាវឯកសារមើលទៅគឺដីនេះគឺជាដីដែលរដ្ឋបានធ្វើនីតិវិធីអនុប្រយោគ ហើយបានក្លាយទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋពីសាធារណៈរបស់រដ្ឋមកជាឯកជនរបស់រដ្ឋហើយក៏បានប្រគល់ សម្បទានទៅឲ្យក្រុមហ៊ុនឯកជនមួយដែលជានីតិបុគ្គលហើយបន្ទាប់មកក៍បានចេញជាកម្មសិទ្ធិបន្តបន្ទាប់។ដូចនេះនីតិវិធីការកសាងប័ណ្ណកម្មសិទ្ធិ គឺត្រឹមត្រូវរួចអស់ហើយពីរាជរដ្ឋាភិបាលតាំងពីឆ្នាំ ២០០៧ និងចេញប័ណ្ណតាំងពីឆ្នាំ ២០០៨ ចេញប័ណ្ណកម្មសិទ្ធិឯកជន។

ដោយឡែកលោក ថៃ គឹមស័រ ប្រធានភូមិបាលក្រុងព្រះសីហនុក៏បានបញ្ជាក់ឲ្យដឹងដែរថា ការសាងសង់របងខាងលើនេះគឺម្ចាស់ដីបានសាងសង់នៅលើដីដែលមានប្លង់កម្មសិទ្ធិរបស់គេតែប៉ុណ្ណោះ គឺមិនបានសាងសង់នៅលើឆ្នេរនោះទេ ហើយលោកក៏បានចុះទៅវាស់វែង ឃើញថា របងបានសាងសង់ចូលមកក្នុងដីកម្មសិទ្ធិប្រវែងពីតឹកទៀតផងគឺមិនរំលោភចូលឆ្នេរនោះទេ។ ដូចនេះការសាងសង់របងនៅឆ្នេរអូរឈើទាលខាងលើគឺត្រឹមត្រូវទៅតាមច្បាប់មិនដូចមតិមហាជនបានលើកឡើងទេ គឺម្ចាស់ដីបានសាងសង់ត្រឹមត្រូវទៅតាមប្លង់ប្រព័ន្ធតែប៉ុណ្ណោះ៕ ដោយ៖ ទឹង សុភាព