សម្តេចតេជោអំពាវនាវដល់គ្រិស្តបរិស័ទទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រិស្តបរិស័ទទាំងអស់ចូលរួមថែរក្សាការពារសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គមតាមរយៈការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាថា នៅគ្រប់សាសនាទាំងអស់រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ក្រោមដំបូលសុខសុខភាពរបស់កម្ពុជា។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំគ្រិស្តបរិស័ទជាង ៣ម៉ឺននាក់ ក្នុងឱកាសអញ្ជើញជាអធិបតីភាពអបអរសាទរខួប ១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រិស្តបរិស័ទ បានចូលរួមចំណែកយ៉ាងលើកិច្ចការសង្គមនៅកម្ពុជា សម្រាប់ការជួបជុំអបអរសាទរនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ ដូច្នេះ ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ និងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយក្នុងសង្គមគ្រិស្តបរិស័ទ មានទំនាក់ទំនងល្អក្នុងសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ដោយមិនត្រូវឱ្យមានការបែកបាក់ណាមួយនៅក្នុងសហគមន៍គ្រិស្តបរិស័ទនោះទេ៕