រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើគយកូរ៉េ ចុះអនុស្សារណៈជាមួយគយកម្ពុជា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម
សេអ៊ូល៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើអាជ្ញាធរគយរបស់កូរ៉េខាងត្បូង ចុះអនុស្សារណៈយោគយល់គ្នា ជាមួយគយរបស់កម្ពុជា ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែល្អប្រសើរ។
សំណើបានធ្វើឡើង ក្នុងពេលឯកឧត្តមជួបពិភាក្សាការងារជា មួយលោក YOON Taesik អតីតអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអជ្ញាធរគយប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ឯកឧត្តមប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់ជ្ញាធរគយកូរ៉េ ខាងត្បូង អញ្ជើញលោកចូលរួមក្នុងកម្មវិធីអាហារការងារ ក្នុងទិវាគយអន្តរជាតិលើកទី៤១ ដែលរៀបចំដោយអាជ្ញាធរគយកូរ៉េ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាង អាជ្ញាធរគយកម្ពុជា និងអាជ្ញាធរកូរ៉េ ដែលបានជួយសម្រួលកម្មភាពនាំចេញ -នាំចូលរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹង ចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលនឹងចូលរួមចំណែក សំខាន់ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងសហប្រតិបត្តិការសេដ្ឋ កិច្ចរវាងប្រទេសទំាងពីរផងដែរ។
ជាមួយគ្នានវ រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជំរុញឱ្យអាជ្ញាធរគយកូរ៉េ ពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ សំដៅលើកកម្ពស់កិច្ចសហប្រតិបតិ្តការ និងផ្តល់កិច្ចសម្របសម្រួលបន្ថែមទៀត ក្រោយពីការពន្យារពេលមួយរយៈដោយសារវិបត្តិជំងឺកូវីដ-១៩។
បន្ថែមពីលើនេះលោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានស្នើអាជ្ញាធរគយកូរ៉េ បន្តជួយគាំទ្រកម្ពុជាតាមរយៈ កម្មវិធីបណ្តុះបណ្តាល និងកសាងសមត្ថភាពសម្រាប់មន្ត្រីកម្ពុជាផងដែរ។
លោក YOON Taesik ប្រធានអាជ្ញាធរគយកូរ៉េ បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា ពីកម្មវិធីការងារដ៏មមាញឹកចូលរួមក្នុងកម្មវិធីនេះ និងបានអនុញ្ញាតលោកបានចូលជួបពិភាក្សាការងារ។
ប្រធានអាជ្ញាធរគយកូរ៉េរូបនេះ ក៏បានស្វាគមន៍ និងគាំទ្រនូវការបង្កើនកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងអាជ្ញាធរគយនៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចការគយរវាងប្រទេសទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។
លើសពីនេះទៀត លោកប្រធានអាជ្ញាធរគយកូរ៉េ ក៏បានគាំទ្រលើសំណើរបស់លោករដ្ឋមន្ត្រី ហើយនឹងបន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងការកសាងសមត្ថភាពជូនមន្ត្រីពាក់ព័ន្ធរបស់កម្ពុជាផងដែរ៕