ព្រឹកនេះ គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស
ភ្នំពេញ៖ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចាប់ផ្តើមនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។
មហាសន្និបាតប្រារព្ធឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណបក្សទូទាំងប្រទេស រួមទាំងមន្រ្តីជាន់ខ្ពស់អ្នកមុខអ្នកការប្រមាណខ្ទង់ពាន់នាក់។
បើតាម ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, គឺរយៈពេល២ថ្ងៃនេះ នឹងមានរបៀបវារៈមួយចំនួន។ ឯកឧត្តមថា នៅថ្ងៃដំបូង នឹងមានពិធីបើកមហាសន្និបាតវិសាមញ្ញ ដែលថ្លែងសុន្ទរកថាបើក ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន, ការអានរបាយការណ៍អំពីលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងកិច្ចពិភាក្សាមួយចំនួន៕