គណបក្សប្រជាជនដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន៥ សម្រាប់ដឹកនាំរដ្ឋប្រាំឆ្នាំខាងមុខ

ភ្នំពេញ៖ មហាសន្និបាតរបស់គណបក្សប្រជាជនបានដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រចំនួន៥ ជាអាទិភាពសម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត។ គណបក្សនេះបានលើកឡើងថាគោលដៅនេះដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស។

ក្នុងសេចក្ដីប្រកាសរបស់គណបក្សប្រជាជនចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមហាសន្និបាតចំនួន២ថ្ងៃរួចមក គោលដៅចំនួន 5 ដែលគណបក្សនេះបានដាក់ចេញរួមមាន។

ទី១- ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលន សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។

ទី២- កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមានជីវភាពសម្បូរ សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។ tenger

ទី៣- កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែល ធានាការផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។.

ទី៤-ជំរុញការអនុវត្ត “កម្ពុជាគ្មានម៉ឺនត្រឹមឆ្នាំ ២០២៥ និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា”។

ទី៥-បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិ- ការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

គណបក្សដ៏ធំនេះបញ្ចាក់ថា អាទិភាពទាំង៥នេះគឺសម្រាប់អនុវត្ដន៍សម្រាប់រយៈពេលប្រាំឆ្នាំបន្តទៀត ដោយផ្អែកលើបំណងប្រាថ្នារបស់ប្រជាជន ព្រមទាំងសភាពការណ៍ ជាក់ស្តែងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យជាបន្តទៀត និងឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់៕