ថ្ងៃនេះ ថៃ​បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៦.៣៣៥​ករណីបន្ថែមទៀត និង​ស្លា​​ប់ថ្មី៣៧នាក់

​បាងកក ​៖ ក្រសួងសុខាភិបាល​ថៃ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះបានប្រកាស​​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៦.៣៣៥​ករណី និង​មាន​អ្នកស្លាប់​ចំនួន៣៧​នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។ នេះបើយោងតាមសារព័ត៌មាន Bangkok post។​

​ក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា ចំនួន​ករណី​ឆ្លង​ថ្មី​មានការ​កើនឡើង​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ពុធ មាន​ចំនួន ៥,៨៥៧៦ ករណី នៅពេលដែល​ប្រទេស​នេះ​បាន​កត់ត្រា​ការស្លាប់​ចំនួន​៥៥​នាក់​កាលពី​ម្សិលមិញ​។ ដោយឡែក នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ៧,២១៨​នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

​សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២,០៥៩,៤៦៤​នាក់ ក្នុងនោះ ១,៩៥៩,៦៦៣​នាក់ បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ២០,៤៨៧ នាក់​ក្នុងអំឡុងពេល​រលក​ទី ៣ និង ២០,៥៨១​នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕