អាមេរិក-កូរ៉េខាងត្បូង ប្តេជ្ញាបង្កើនការធ្វើសមយុទ្ធយោធា និងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់កូរ៉េខាងជើង

សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានប្តេជ្ញាបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាជំរុញបន្ថែមនូវការរៀបចំផែនការឆត្រនុយក្លេអ៊ែរ ដើម្បីទប់ទល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយរារាំងកុំឱ្យសង្រ្គាមអាចផ្ទុះឡើង។

ក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខការពារជាតិប្រទេសទាំងពីរ បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាជំរុញការចែករំលែកព័ត៌មាន និងការរៀបចំផែនការរួម ហើយប្តេជ្ញាចំពោះការពង្រីកបន្ថែម នូវកម្រិតនិងទំហំនៃការធ្វើសមយុទ្ធយោធារួមក្នុងឆ្នាំនេះ ព្រមទាំង​ដាក់ពង្រាយអាវុធយុទ្ធសាស្រ្តអាមេរិកកាន់តែញឹកញាប់ ដូចជានាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាដើម។ សព្វថ្ងៃអាមេរិកមានកងទ័ពជាង២៨,៥០០នាក់ ឈរជើងនៅកូរ៉េខាងត្បូង។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានធ្វើដំណើរមកកាន់ទីក្រុងសេអ៊ូល ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមធ្វើឱ្យកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួននៅអាស៊ី មានការជឿទុកចិត្តកាន់តែរឹងមាំ ចំពោះការ​ប្តេជ្ញារបស់អាមេរិក ចំពោះមុខការកើនឡើងការគំរាមកំហែងរបស់កូរ៉េខាងជើង។

សូមជម្រាបថា ទីក្រុងព្យុងយ៉ាងបានថ្កោលទោស ការធ្វើសមយុទ្ធយោធារួមរវាងអាមេរិក និងកូរ៉េខាងត្បូង ថាជាភស្តុតាងនៃចេតនាអាក្រក់របស់​សម្ព័ន្ធមិត្តទាំងពីរ ហើយក៏បានដំឡើងសាច់ដុំយោធារបស់ខ្លួនផងដែរ៕