ប្រធានាធិបតីកូរ៉េអញ្ចើញក្មេងប្រុសកម្ពុជាដែលទទួលការវះកាត់បេះដូងនៅកូរ៉េមកកាន់ការិយាល័យ

សេអ៊ូល៖ កុមារាខ្មែរមួយរូបដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាលឱ្យមានសុខភាពល្អប្រសើរ ឡើងវិញហើយ។ បន្ទាប់ពីព្យាបាលទទួលជោគជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួបជាមួយប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់គាត់ គឺលោកស្រី Kim Keon Hee មុននឹងរូបគេត្រឡប់មកកម្ពុជាវិញ។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ប្រធានាធិបតីកូរ៉េបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េលោក Yoon Suk Yeol បានជួបជាមួយកុមារា អោក រដ្ឋា ដែលកំពុងរៀបចំត្រឡប់មកផ្ទះវិញបន្ទាប់ពីបញ្ចប់ការវះកាត់បេះដូងដោយជោគជ័យ នៅការិយាល័យរបស់លោក ។

ភរិយាប្រធានាធិបតីកូរ៉េអ្នកស្រី Kim Keoun Hee បានអរគុណដល់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំកុមារា អោក រដ្ឋា ទៅកាន់ប្រទេសកូរ៉េដោយសុវត្ថិភាព ខណៈអ្នកស្រីមានការព្រួយបារម្ភ ពីការធ្វើដំណើររបស់កុមារា រដ្ឋា ដែលមានជំងឺបេះដូង ហើយអាចធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ដោយសុវត្ថិភាពពីប្រទេសកម្ពុជា។

អ្នកស្រីក៏បានអរគុណ និងកោតសរសើរចំពោះបុគ្គលិកពេទ្យនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Seoul Asan ក្នុងទីក្រុងសេអ៊ូល ដែលបានវះកាត់ដល់កុមារា រដ្ឋា ដោយជោគជ័យ ជាសះស្បើយឡើងវិញ។ អ្នកស្រី Kim Keon Hee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ចាប់តាំងពីបានជួប រដ្ឋា នៅប្រទេសកម្ពុជាក្នុងខែវិច្ឆិកា អ្វីគ្រប់យ៉ាងដែលបានកើតឡើងរហូតមកដល់ពេលនេះ មានអារម្មណ៍ដូចជាអព្ភូតហេតុមួយ»។

ជាមួយគ្នានេះដែរកុមារា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណនៅលើកាតប៉ុស្តាល់ដែលតុបតែងដោយផ្កាហើយប្រគល់ជាអំណោយដល់ លោកប្រធានាធិបតី និងភរិយា។

គួរឱ្យដឹងដែរថា ស្ត្រីទីមួយ Kim Keon Hee បានជួបក្មេងប្រុសកម្ពុជា ដែលមានជំងឺបេះដូង ក្នុងឱកាសដែល អ្នកស្រីបានអមដំណើរស្វាមី ជាប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក៕