កំណត់ត្រាថ្មី! ឡាវរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់១,៥០៤នាក់ក្នុង១ថ្ងៃ

វៀងច័ន្ទ ៖ ស្ថានការណ៍ឆ្លងរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសឡាវ បានវិវឌ្ឍកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀតហើយ ដោយនៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ បានរកឃើញមនុស្សរហូតដល់ទៅ ១,៥០៤នាក់ទៀតឆ្លង ក្នុងពេលតែ២៤ម៉ោងប៉ុណ្ណោះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃ ខ្ពស់បំផុតមិនធ្លាប់មា ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលឡាវបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗ ១,៥០៤នាក់ខាងលើនេះ រដ្ឋធានីវៀងច័ន្ទបានរ៉ាប់រងច្រើនជាងគេរហូតដល់ទៅ ៦៧៧ករណី។ ក្នុងពេលដូចគ្នានេះ ក៏មានអ្នកជំងឺ COVID-19 ម្នាក់ទៀតបានបាត់បង់ជីវិតផងដែរ។ គិតត្រឹមពេលនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៦៧,៣២២ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៤៣នាក់។

សូមជម្រាបថា គិតត្រឹមពេលនេះប្រទេសឡាវទើបតែសម្រេចបាន ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ៦.០៣លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ២.៧៨លាននាក់ (៣៨.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕