
ក្រុមជម្រើសជាតិកម្ពុជានឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃស្អែក ដើម្បីត្រៀម AFF Suzuki Cup
ភ្នំពេញ ៖ តាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជានឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃស្អែកនេះ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី ដែលនឹងធ្វើការប្រកួតពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។
ក្រុមគោព្រៃកម្ពុជាមានពេលប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក ៥ថ្ងៃមុនឡើងយន្ដហោះទៅសិង្ហបុរី ដែលក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចាកចេញពីមាតុភូមិនាថ្ងៃទី០១-ធ្នូ ពោលគឺមុនការប្រកួតបើកឆាកពូល B រយៈពេល ៥ថ្ងៃដែលកម្ពុជានឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ីនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose បានកោះហៅកីឡាករចំនួន ៣០នាក់ដើម្បីធ្វើការប្រមូលផ្ដុំហ្វឹកហាត់ និងត្រៀមការប្រកួត AFF Suzuki Cup 2020 នាពេលឆាប់ៗខាងមុខ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ គឺកម្ពុជាស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ ខណៈពូល A មាន ៥ក្រុមដូចគ្នារួមមានថៃ មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងក្រុមម្ចាស់ផ្ទះសិង្ហបុរី៕