វិសាខា បន្ដគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ក្រោយឈ្នះស្វាយរៀងដោយបាល់ប៉េណាល់ទីកាត់សេចក្ដី

ភ្នំពេញ ៖ ក្រុមបាល់ទាត់វិសាខា បានការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Smart RSN នាព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកានេះ ។

ក្នុងពិធីបិទការប្រកួតនេះ តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចដល់គណៈកម្មការរៀបចំការប្រកួតនូវទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារផងដែរ ។

នេះគឺជាការការពារតំណែងជើងឯកបានសម្រេចរបស់ក្រុមវិសាខា បន្ទាប់ពីពួកគេ ដណ្ដើមបានពានប្រើប្រាស់តែធនធានកីឡាករក្នុងស្រុកសុទ្ធនេះ កាលពីឆ្នាំ២០២០ កន្លងទៅ គ្រាដែលព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯករងជាលើកទី៤ បន្ថែមលើប្រវត្តិធ្លាប់ឈ្នះពាន ៤លើកដូចគ្នា។ ជាមួយការគ្រងជើងឯកនេះ វិសាខា បានទទួលពាន អមប្រាក់រង្វាន់១០០លានរៀល, ក្រុមជើងឯករងព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ក្រុមចំណាត់ថ្នាក់លេខ៣ បឹងកេត ទទួលបានប្រាក់រង្វាន់ ៣០លានរៀល៕