
អភិបាលរាជធានីភ្នំពេញ ជំរុញអាជ្ញាធរចាត់វិធានការឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ និងនៅតាមដងផ្លូវសាធារណៈ
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting ) ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈតាមដងទន្លេ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញអាជ្ញាធរទាំងអស់ ពិសេសអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រ និងមូលដ្ឋាននៅតាមដងទន្លេ ត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ លើការរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងទន្លេឱ្យបានល្អប្រសើរមួយកម្រិតថែមទៀត ស្របពេលដែលយើងបានបើកប្រទេសឲ្យប្រក្រតីឡើងវិញ។ ដោយឡែកពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ក៏ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ និងរៀបចំឲ្យបានល្អប្រសើរផងដែរ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ចំពោះចំណាត់ការ នៃការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេនាពេលកន្លងមក គឺពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងទទួលបានការកោតសរសើរ ពីអន្តរជាតិផងដែរ។ ដូច្នេះអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ លើការទប់ស្កាត់ធ្វើយ៉ាងណា កុំឱ្យផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ តាមដងទន្លេនេះកើតឡើងវិញ។ អាជ្ញាធរខណ្ឌត្រូវតែយកចិត្តទុកដាក់ និងចុះពិនិត្យជាប្រចាំនៅតាមដងទន្លេ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនឲ្យមានការកើតឡើងវិញ នូវសំណង់មិនរៀបរយតាមដងទន្លេនេះឡើយ។
ឯកឧត្តមបញ្ជាក់ទៀតថា ការអនុវត្តការងារលើការរៀបចំសណ្ដាប់ធ្នាប់តាមដងទន្លេ ទទួលបាននូវភាពជោគជ័យនេះ គឺពិតជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធររបស់យើង។ ដូច្នេះលោកស្នើឲ្យបន្តកិច្ចការងារនេះឲ្យបានប្រសើរថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យដងទន្លេរបស់យើងមានសណ្តាប់ធ្នាប់របៀបរៀប និងមានបរិស្ថានល្អប្រសើរ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ការរៀបចំសណ្ដាប់ធ្នាប់នៅតាមដងទន្លេ គឺជាផ្នែកមួយហើយ ប៉ុន្តែការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវ គឺជារឿងមួយទៀត ដែលអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត ធ្វើយ៉ាងណាឲ្យការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានសោភ័ណភាពល្អប្រសើរ សមជារាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕