Rangnick យល់ព្រម​លើ​តួនាទី​គ្រូបង្វឹក​បណ្តោះអាសន្ន​នៅ Man Utd

មេនឆេស្ទើ ៖ Manchester United ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​លោក Ralf Rangnic ដើម្បី​ក្លាយជា​អ្នកចាត់ការ​បណ្តោះអាសន្ន​ថ្មី​របស់​ក្លឹប​សម្រាប់​យុទ្ធនា​ការដែល​នៅសល់​នៅ​ឆ្នាំ ២០២១-២២ ។​

​លោក Michael Carrick បាន​ចូល​ដឹកនាំ​ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​ក្រុម​បិសាច​ក្រហម​ទល់នឹង Villarreal កាលពី​ថ្ងៃ​អង្គារ ដោយ​បានទទួល​ជ័យជម្នះ ២-០ បន្ទាប់ពី​ការដកតំណែង​លោក Ole Gunnar Solskjaer កាលពី​ចុង​សប្តាហ៍​។​

Man United ត្រូវបាន​គេ​និយាយថា​ចង់​តែងតាំង Mauricio Pochettino ជា​គ្រូបង្វឹក​រយៈពេល​វែងរ​បស់​ពួកគេ ប៉ុន្តែ​ហាក់ដូចជា​ត្រូវ​រង់ចាំ​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ដើម្បី​ធ្វើការ​ផ្ទេរ​ពី Paris Saint-Germain ។​

​ដូច្នេះហើយ​បិសាច​ក្រហម​បាន​នឹង​កំពុង​ស្វែងរក​អ្នកចាត់ការ​បណ្ដោះអាសន្ន ដោយ​ធ្លាប់បាន​ទាក់ទង​អតីត​គ្រូបង្វឹក Barcelona លោក Ernesto Valverde ផងដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​យោងតាម​សារព័ត៌មាន The Athletic បាន​ឲ្យ​ដឹងថា​លោក Rangnick ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ផ្នែក​កីឡា និង​អភិវឌ្ឍន៍​នៅ​ក្លិប Lokomotiv Moscow បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​៦​ខែ​ជាមួយ​ម្ចាស់​ជើងឯក​អង់គ្លេស ២០ សម័យកាល​រួចរាល់​ហើយ​។​

​ការ​ឈានដល់​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ដែលមាន​តែ​ពាក់កណ្តាល​ឆ្នាំ​ជាមួយ​បុរស​វ័យ​៦៣​ឆ្នាំ​រូបនេះ ពោលគឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Man Utd បានសម្រេច​បញ្ចប់​តំណែង​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស Ole នា​ថ្ងៃអាទិត្យ ២​សប្តាហ៍​មុន ក្រោយ​ដឹកនាំ​រយៈពេល ៣​ឆ្នាំ​ដោយ​មិន​ឈ្នះ​ពាន​អ្វី​សោះ​៕