អភិបាលខេត្តកំពង់ធំណែនាំដល់មន្ទីរជំនាញរៀបចំផែនការមេក្នុងការគ្រប់គ្រងស្ថានភាពទឹក ដើម្បីធានាបាននូវសុខដុមរមនីយកម្ម ជាមួយកសិកម្មដំណាំស្រូវ

ខេត្តកំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ណែនាំដល់មន្ទីរជំនាញ ត្រូវរៀបចំផែនការមេក្នុងការគ្រប់គ្រងស្ថានភាពទឹកទឹក ដើម្បីឱ្យថ្ងៃក្រោយការគ្រប់គ្រងធនធានទឹក មានភាពសុខដុមរមនីយកម្ម ជាមួយនឹងការងារ កសិកម្មដំណាំស្រូវ ព្រោះខេត្តកំពង់ធំពឹងផ្អែកលើវិស័យកសិកម្មជាធំ។

ការថ្លែងយ៉ាងដូច្នេះត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះឯកឧត្តម ងួន រតនៈ មានប្រសាសន៍បន្ថែមទៀតថា ការជួបសំណេះសំណាលនេះ គឺចង់ជួបផ្ទាល់ជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្ត្រីដែលទទួលខុសត្រូវក្នុងអង្គភាព ចាប់ពីថ្នាក់ដឹកនាំការិយាល័យឡើង ដែលជាសេនាធិការឲ្យស្ថាប័ន និងសិក្សាស្វែងយល់អំពីកិច្ចការទូទៅក្នុង វិស័យការងាររដ្ឋបាល និងការងារបច្ចេកទេស ផ្នែកកសិកម្ម ជាពិសេសតំបន់នៃការធ្វើស្រែប្រាំង សក្ដានុពលនៃការប្រើប្រាស់ទឹក នឹងទិន្នផលដែលកសិករកប្រមូលបាន ដើម្បីយើងស្វែងយល់ឱ្យបន្ស៊ីទៅនឹងផែនការមេ រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែងរបស់យើង៕