រយៈពេល៩ខែ ឆ្នាំ២០២១នេះ ក្រសួងរកឃើញយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ជិត៥៨ម៉ឺនគ្រឿង

ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការត្រួតពិនិត្យយានយន្តសរុប ១,៨៣០,៦៣១គ្រឿង រកឃើញយានយន្តលើសទម្ងន់កម្រិតកំណត់ ៥៧៨,១០៣គ្រឿង ស្មើនឹង៣១.៥៨% ក្នុងនោះមានយានយន្ត ផ្ទុកលើសទម្ងន់ក្នុងកម្រិតអនុគ្រោះ ៥៧៥,៨៥៦គ្រឿង យានយន្តបានផាកពិន័យ ២,២៤៧គ្រឿង និងបានឃាត់ទុក១ឆ្នាំ២២៩គ្រឿង និងបានផាកពិន័យជាទឹកប្រាក់សរុប ៣,៨៣៩,០៧១,០០០រៀល។

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលសម្រេចបានក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ដែលមានការចូលរួមពី ឯកឧត្តមនាយកខុទ្ទកាល័យ ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ៣៣ស្ថានីយ។

សូមជម្រាបថា ថ្មីៗនេះ ដោយយោងតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យានយន្តចំនួន ២២៩គ្រឿង ដែលបានពិន័យ និងឃាត់ទុក ទទួលបានអនុគ្រោះពីសម្តេចតេជោ និងបានប្រគល់ជូនម្ចាស់យានយន្តវិញ។

ក្នុងទិសដៅបន្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នឹងបន្តផ្សព្វផ្សាយ ពន្យល់ណែនាំដល់ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ដេប៉ូខ្សាច់-ថ្ម និងសាធារណជនទាំងអស់ ឱ្យបានជ្រាបកាន់តែទូលំទូលាយ អំពីបទដ្ឋានច្បាប់នានាដែលពាក់ព័ន្ធការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស។ ជាងនេះទៅទៀត ក្រុមការងារនឹងបន្តអនុវត្តច្បាប់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយមិនមានការលើកលែងឡើយ។

ជាមួយគ្នានេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបចំដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី នៅខេត្តកែប និងខេត្តព្រះវិហារ ព្រមទាំងគ្រោងសាងសង់ស្ថានីយជញ្ជីងបន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់៕