អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១

ខេត្តសៀមរាប ៖ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា មានឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តី និងអ្នកជំនាញតាមផ្នែក នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យទីតាំងមួយចំនួន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗខាងមុខនេះ។

នាឱកាសនោះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះមើលទីតាំងសំខាន់ៗសម្រាប់រៀបចំព្រឹត្តិការណ៍ខាងលើ រួមមាន នៅមុខប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរី។ ឯកឧត្តមបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរ នឹងរៀបចំប្រារព្ធចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈនៅពេលរាត្រី៕